រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជុំទី៣ ដើម្បីជួយដល់វិស័យឯកជន និងកម្មករ-និយោជិតដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ09,04,2020

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជុំទី៣បន្ថែមទៀត ដើម្បីជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ខណះដែលបណ្តាប្រទេសនៅលើពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងបញ្ហានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់ វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងសភាពការណ៍នេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម ជាជុំទី៣ ដើម្បី ជួយសម្រួលជីវភាពរស់ របស់កម្មករនិយោជិត ដូចជា៖ ទី១ ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាមេរិកក្នុង១ខែ សម្រាប់កម្មករនិយោជិត១នាក់ ដែលធ្វើការងារក្នុងវិស័យកាត់ដេរ ។ ក្នុងនោះរោងចក្រ សហគ្រាស ត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិកសម្រាប់កម្មករ-និយោជិត១នាក់ ដូច្នេះសរុប កម្មករ-និយោជិត ១នាក់ទទួលបាន ៧០ដុល្លារអាមេរិកក្នុងមួយខែ។ ទី២ ៖ ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារអាមេរិកក្នុង ១ ខែ សម្រាប់កម្មករ-និយោជិត១នាក់ ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្ដែងបន្ថែមលើពីអ្វីដែលរាជរដ្ឋាភិបាលនឹងផ្ដល់ជូន។ ទី៣៖ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺជូនដល់កម្មករ-និយោជិត បម្រើការងារនៅតាមរោងចក្រសហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បន្ថែមពីនេះ រោងចក្រសហគ្រាស និងអាជីវកម្មក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ត្រូវទទួលបានលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ។ កម្មករនិយោជិតដែលត្រូវព្យួរកិច្ចសន្យាការងារត្រូវតែជាកម្មករ-និយោជិត ដែលមានបណ្ណសមាជិក ប .ស. ស ឬស្ថិតនៅក្នុងបញ្ជីបច្ចុប្បន្នភាពកម្មករនិយោជិត ដែលបានផ្ដល់រួចហើយ ឬនឹងត្រូវផ្ដល់ឱ្យអធិការការងារ យោងតាម សេចក្តីជូនដំណឹង ចុះថ្ងៃទី ២៣ខែមីនា ឆ្នាំ ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទី៤៖ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាការជួយបណ្ដោះអាសន្ន ដើម្បីចូលរួមចំណែកសម្រួលជីវភាពរស់នៅ របស់កម្មករ-និយោជិត ដោយផ្ដល់ឲ្យសម្រាប់រយៈពេល២ខែ ស្របតាមច្បាប់ស្តីពីការងារ មាត្រទី៧១ ចំណុច១១។ បន្ទាប់ពីរយៈពេល២ខែ រាជរដ្ឋាភិបាលនឹងពិនិត្យសាជាថ្មី ទៅតាមសភាពការណ៍វិវត្តន៍។ ទី៥៖ ការផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល នឹងមិនភ្ជាប់លក្ខខណ្ឌតម្រូវ ឲ្យកម្មករ-និយោជិក ចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញទន់រយៈពេលខ្លី ទាំងសម្រាប់វិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដែលមាននៅក្នុងវិធានការអន្តរាគមន៍ជុំទី ១ និងជុំទី២នោះទេ។ ទី៦៖ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ មិនគ្របដណ្ដប់ចំពោះកម្មករ-និយោជិត ដែលបម្រើការងារឱ្យរោងចក្រ សហគ្រាសនិងអាជីវកម្ម ដែលបានបិទឬ នឹងបិទឈប់ដំណើរការនោះទេ ។ ទី៧៖ អនុញ្ញាតឱ្យរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យពន្យារពេលនៃការទូទាត់ប្រាក់ រំលឹកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ សម្រាប់ឆ្នាំ ២០២០នេះ ទៅឆ្នាំ ២០២១។ ទី៨៖ ក្រសួងស្ថាប័នទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។និងទី៩៖ រាជរដ្ឋាភិបាលនឹងបន្តតាមដានសភាពការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅលើសេដ្ឋកិច្ច និងសង្គម និងត្រៀមជាស្រេច ក្នុងការដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្រប និងតាំមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម និងកម្មករ-និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕