នាយកសណ្ឋាគារ Sihanouk ville V-Continent Interna tional Hotel នាំយកអំណោយអាល់កុល និងម៉ាស់ មកប្រគល់ជូនរដ្ឋសភាជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ក្នុងគោលបំណងចូលរួមចំណែក ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា នា ព្រឹកថ្ងៃទី០៩ ខែមេសានេះ លោក Kong Kuok Leong នាយកសណ្ឋាគារ Sihanouk ville V-Continent Interna tional Hotel បាននាំយកអំណោយមនុស្សធម៌មាន អាល់កុល និងម៉ាស់ មកប្រគល់ជូនរដ្ឋសភាជាតិ។

ពិធីប្រគល់ និងទទួលអំណោយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ អំណោយសម្ភារៈការពារជំងឺកូវីដ-១៩ ដែលលោក KONG KUOK LEONG បាននាំមកប្រគល់ ជូនដល់រដ្ឋសភាជាតិនេះ ក្នុងនោះមានម៉ាស់ចំនួនមួយម៉ឺន និងទឹកអាល់កុលចំនួន៥០កាន ត្រូវបានប្រគល់ជូនសម្តេចប្រធានរដ្ឋសភា។ ម៉ាស់ចំនួន៥០០០ និងអាល់កុល ២៥កាន ត្រូវបានប្រគល់ជូនដល់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងម៉ាស់ចំនួន ៥០០០ អាល់កុល ២៥កាន ត្រូវបានប្រគល់ជូនលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋ សភាសម្រាប់ចាត់ចែងចែកជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់ការពារជំងឺឆ្លងកូវីដ-១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយ វិការមនុស្សធម៌របស់លោកនាយកសណ្ឋាគារ ដែលបានចូលរួមចំណែកផ្តល់នូវម៉ាស់ និងអាល់កុល សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការការពារជំងឺកូវីដ-១៩។

សម្តេចបានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ និងបានឆ្លុះបង្ហាញ ពីស្មារតីសាមគ្គីនិងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់។ ឆ្លៀត ឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬក៏ទាក់ទងទូរស័ព្ទទៅលេខ ១១៥។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះប្រមុខដឹក នាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំបំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕

ដោយប៉ាល់សុង