ពាណិជ្ជកម្មពិភពលោកអាចធ្លាក់ដល់ ៣២ភាគរយនៅក្នុងឆ្នាំ​ ២០២០ ដោយសារការរាលដាលនៃមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយ​ថា ពាណិជ្ជកម្មពិភពលោកអាចធ្លាក់ចុះ ៣២ភាគរយនៅក្នុងឆ្នាំនេះ ដោយសារលទ្ធផលនៃជំងឺរាតត្បាតថ្មី COVID-19។

អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ជំងឺរាតត្បាតនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោក។

របាយការណ៍នេះបានឱ្យដឹងថា «ពាណិជ្ជកម្មពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចន្លោះពី ១៣ភាគរយដល់ ៣២ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ដែលបានរំខានដល់សកម្មភាពសេដ្ឋកិច្ច និងជីវិតធម្មតានៅជុំវិញពិភពលោក»។

ទន្ទឹមនឹងនេះដែរ លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកបានកត់សម្គាល់ថា ការធ្លាក់ចុះនេះ គឺមានភាពអាក្រក់ ប៉ុន្តែស្ថានភាពអាចនឹងល្អប្រសើរនៅឆ្នាំក្រោយ ប្រសិនបើជំងឺរាតត្បាតនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ភាគហ៊ុននៅលើទីផ្សារភាគច្រើនបានធ្លាក់ចុះ ហើយឧស្សាហកម្មកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែវិធានការ​ដាច់ខាត ដែលត្រូវបានណែនាំដោយប្រទេសភាគច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលមនុស្សជិត ១.៥០០.០០០នាក់​ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសនេះ។ ក្នុងចំណោមពួកគេ មានជាង ៨៣.០០០នាក់បានស្លាប់ ប៉ុន្តែជាង ៣០០.០០០នាក់ផ្សេងទៀត​បានជាសះស្បើយពីជំងឺនេះ។

យោងតាមអង្គកាសុខភាពពិភពលោកបានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារមានករណីជាង ៣៦០.០០០ករណីត្រូវបានបញ្ជាក់ ខណៈដែលប្រទេស​ អ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ដែលមានចំនួន ១៧.១២៩នាក់៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)