រុស្ស៊ីបម្រុងថវិកា ១០ប៊ីលានរូប្លិ៍សម្រាប់ចំណាយបន្ថែមទៅលើសម្ភារៈវេជ្ជសាស្រ្ត ចំពេលដែលមានការរីករាលដាលនៃជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាបើកនៅដើមនៃកិច្ចប្រជុំជាមួយថ្នាក់​ដឹកនាំតំបន់ដែលធ្វើឡើងតាមរយៈខ្សែអាត់វីដេអូ។ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់ទៅលើការឆ្លើយតបចំពោះវិធានការនានា​ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងជំងឺ COVID-19។

កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់ថ្នាក់ដឹកនាំតំបន់​ដែលផ្សាយ​តាមទូរទស្សន៍រដ្ឋថា បុគ្គលិកពេទ្យរុស្ស៊ីនឹងទទួលបានថវិកាចំនួន ១០ប៊ីលានរូប្លិ៍បន្ថែមទៀត ចំពេលដែលមានការរាតត្បាតនៃជំងឺឆ្លង​មេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសរុស្ស៊ី។

លោក ពូទីន បាននិយាយថា «យើងបានសម្រេចទៅលើការចំណាយបន្ថែមដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ ដោយសារលក្ខខ័ណ្ឌការងារ​ពិសេស និងការបង្កើនបន្ទុកការងារ។ ថវិកាមកពីសហព័ន្ធសម្រាប់គោលបំណងទាំងនេះមានចំនួនជាង ១០ប៊ីលានរូប្លិ៍ – ត្រូវបានគេ​បម្រុងទុក។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ការចំណាយប្រាក់បន្ថែមចាប់ពី ២០.០០០ ទៅ ៨០.០០០រូប្លិ៍ គួរតែត្រូវបង់ទៅឱ្យ​បុគ្គលិកពេទ្យ ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងវីរុសនេះសម្រាប់រយៈពេល ៣ខែ ដោយចាប់ផ្តើមពីខែមេសានេះ។

លោកក៏បានស្នើឱ្យតំបន់នានាបង្កើនសមត្ថភាពផ្នែកវេជ្ជសាស្រ្ត ចំពេលដែលមានការរីករាលដាលនៃជំងឺឆ្លងវីរុសនេះ នឹងបាន​សង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងសម្រាប់ «មនុស្សគ្រប់រូបនៅក្នុងតំបន់»។

លោក ពូទីន បានបញ្ជាក់ថា «ខ្ញុំនឹងចាប់ផ្តើមជាមួយភារកិច្ចបន្ទាន់សម្រាប់គ្រប់តំបន់ទាំងអស់ – ការបង្កើននូវការត្រៀមលក្ខណៈ​របស់ស្ថាប័នវេជ្ជសាស្ត្រ ការបង្កើននូវធនធាន និងសមត្ថភាពរបស់ពួកគេ » ។

ប្រធានាធិបតីបាននិយាយថា ថវិកាសហព័ន្ធសម្រាប់រឿងនេះត្រូវបានបញ្ជូនទៅតំបន់នានារួចហើយ៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)