វៀតណាម និងសហរដ្ឋអាមេរិកសហការពន្លឿនការដឹកជញ្ជូនឈុតការពារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី​៨ ខែមេសា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាម បានធ្វើការរួមគ្នាដើម្បីពន្លឿនការប្រគល់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលផលិតនៅវៀតណាម​ទៅកាន់សហរដ្ឋអាមេរិក។

ការដឹកជញ្ជូនដំបូងដែលមានចំនួនជាង ៤៥០.០០០ឈុតការពារ បានចេញដំណើរពីទីក្រុងហាណូយកាលពីថ្ងៃទី ៧ ខែមេសា។

ក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិកបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដឹកជញ្ជូន FedEx Express  ដើម្បីពន្លឿនការដឹកជញ្ជូនឈុតការពារនោះទៅកាន់ឃ្លាំងស្តុកជាតិយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយតម្រូវការបន្ទាន់ នូវឧបករណ៍ការពារសម្រាប់អ្នកផ្តល់សេវាជួរមុខដែលឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម លោក Dan Kritenbrink បាននិយាយថា «ការដឹកជញ្ជូននេះនឹងជួយ​ការពារអ្នកជំនាញផ្នែកសុខភាពដែលធ្វើការនៅជួរមុខប្រឆាំងនឹងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក និងបង្ហាញអំពីភាពខ្លាំងនៃភាព​ជាដៃគូរវាងសហរដ្ឋអាមេរិក និងវៀតណាម»។

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាម បានសហការគ្នាយ៉ាងច្រើនក្នុងការប្រយុទ្ធជាមួយជំងឺ COVID-19 ។ ចាប់តាំងពីការ​ចាប់ផ្តើមនៃវិបត្តិនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ​អភិវឌ្ឍន៍អន្តរជាតិ (USAID) បាននឹងកំពុងសហការជាមួយមន្រ្តីវៀតណាម​ដើម្បីតាមដាន នឹងឆ្លើយតបទៅនិងស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នៃជំងឺ COVID-19 ។

យោងតាមលោកឯកអគ្គរដ្ឋទូត Kritenbrink បានឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានវិនិយោគ​ទឹកប្រាក់ជាង ៧០៦លានដុល្លារអាម៉េរិក នៅក្នុងវិស័យជំនួយសុខភាពសម្រាប់ប្រទេសវៀតណាម ហើយក្នុងរយៈពេលមួយទសវត្សរ៍​កន្លងមកនេះ ក៏បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុយ៉ាងច្រើនក្នុងការបង្ការទប់ស្កាត់ នឹងឆ្លើយតបចំពោះការរីករាលដាលនិងឆ្លងរាលដាល នៃជំងឺធ្ងន់ធ្ងរផងដែរ។

ថ្មីៗនេះ ទីភ្នាក់ងារ USAID បានប្រកាសផ្តល់ជំនួយសុខភាពបន្ថែមចំនួន ២,៩លានដុល្លារអាម៉េរិកដើម្បីជួយរដ្ឋាភិបាល​វៀតណាមក្នុងការពន្លឿនប្រព័ន្ធមន្ទីរពិសោធន៍ ពង្រឹងការស្វែងរកករណី និងការតាមដានព្រឹត្តិការណ៍ និងគាំទ្រអ្នកជំនាញបច្ចេកទេស​សម្រាប់ការឆ្លើយតបរហ័ស​នៃទំនាក់ទំនងហានិភ័យ និងការបង្ការ និងការការពារការឆ្លង៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)