វៀតណាមស្នើឱ្យមានសមយុទ្ធឆ្លើយតបទៅនឹងជំងឺ COVID-19 រវាងកងកម្លាំងពេទ្យយោធាអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ក្នុងនាមជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាយក ACMM ជាលក្ខណៈសន្និសីទវីដេអូ​កាលពីថ្ងៃទី៧ ខែមេសា ប្រធាននាយកដ្ឋានពេទ្យយោធាវៀតណាម​ ឧត្តមសេនីយ៍ឯក Nguyen Xuan Kien បានស្នើឱ្យមានការធ្វើសម​យុទ្ធរួមគ្នាមួយ ស្តីពីការការពារ និងការគ្រប់គ្រងជំងឺ COVID-19 រវាងកងកម្លាំងយោធានៃ បណ្តាប្រទេសនៅអាស៊ាន។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Kien ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល វេជ្ជសាស្ត្រយោធាអាស៊ាន ( ACMM ) បាននិយាយថា គិតត្រឹមថ្ងៃទី៧ ខែមេសា រដ្ឋសមាជិកអាស៊ានបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ជាង ១៤.០០០ករណី ដែលជំរុញឱ្យមានតម្រូវការសម្រាប់កម្លាំងវេជ្ជសាស្ត្រ និងពេទ្យយោធារបស់ពួកគេចូលរួមក្នុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺនេះ។

លោក  Kien បានស្នើសុំឱ្យក្រុមប្រឹក្សាភិបាល ACMM បន្តពិភាក្សាអំពីយន្តការសម្រាប់កិច្ចសម្របសម្រួលក្នុងការបង្ការ និងគ្រប់គ្រងជំងឺនេះរវាងកងកម្លាំងយោធាក្នុងតំបន់ រួមទាំងការរៀបចំសមយុទ្ធរួមគ្នាមួយ ហើយលោកក៏បានស្នើឱ្យមានការអញ្ជើញប្រទេស​ជាដៃគូរបស់អាស៊ានចូលរួមក្នុងសមយុទ្ធនេះផងដែរ។

សមាជិក ACMM បានយល់ព្រមតាមសំណើរបស់មន្រ្តីវៀតណាម។

បន្ទាប់ពីមានការឯកភាពគ្នារវាងកងកម្លាំងពេទ្យយោធាអាស៊ានរួចមក នាយកដ្ឋានពេទ្យយោធា វៀតណាមនឹងរាយការណ៍ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបន្ទាប់មកនឹងពិភាក្សាជាមួយសមភាគីរបស់លោកនៅក្នុងបណ្តាប្រទេសអាស៊ានអំពីសេណារីយ៉ូ ទម្រង់ និងទំហំនៃសមយុទ្ធនេះ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)