បណ្តាខេត្តមួយចំនួនរបស់វៀតណាម និងឡាវចូលរួមក្នុងកិច្ចសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — ថ្នាក់ដឹកនាំនៃខេត្ត Quang Tri ភាគកណ្តាលនៃប្រទេសវៀតណាម និងខេត្ត Salavan នៃប្រទេសឡាវ បានចូលរួមនៅក្នុងសម័យប្រជុំការងារមួយកាលពីថ្ងៃទី៨ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

​យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Hoang Nam បានឱ្យដឹងថា ប្រជាជនវៀតណាមចំនួន ១២.០០០នាក់ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបានវិលត្រឡប់មកពីប្រទេសឡាវ និងថៃទៅកាន់ខេត្ត Quang Tri និងខេត្ត Thua Thie Hue វិញហើយ។

អាជ្ញាធរនៅខេត្ត Quang Tri ដែលនៅជាប់ព្រំដែនរវាងវៀតណាម – ឡាវ បានដាក់ពង្រាយតូបយាមការពារនៅតាមបណ្តោយ​ព្រំដែនចំនួន ៨០កន្លែង ដោយក្នុងនោះ ២៥កន្លែង ស្ថិតនៅតាមបណ្តោយព្រំដែនជាមួយខេត្ត Salavan។

លោក  Nam បាននិយាយថា ពួកគេបានគ្រប់គ្រងការចេញចូលតាមច្រកទ្វារព្រំដែនយ៉ាងតឹងរឹង តាមរយៈច្រកព្រំដែន ផ្លូវលំ និងផ្លូវផ្សេងៗទៀត ខណៈដែលមានការរៀបចំយុទ្ធនាអំពាវនាវឱ្យប្រជាជនទាំងសងខាងមិនឱ្យឆ្លងកាត់ព្រំដែន។

លោកបានបញ្ជាក់ថា ខេត្តនេះក៏បានជួយសម្រួលដល់សកម្មភាពនាំចូល និងនាំចេញរវាងភាគីទាំងពីរ ដោយអនុលោមតាមបទ​ប្បញ្ញត្តិយ៉ាងតឹងរឹងទៅ​លើការគ្រប់គ្រងជំងឺនេះផងដែរ។ លោកបាននិយាយបន្ថែមថា និស្សិតឡាវទាំង ១២០នាក់ដែលកំពុងបន្តការ​សិក្សានៅខេត្ត Quang Tri បានទទួលការគាំទ្រ និងការថែទាំសុខភាព។

លោក Nam បានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរនៅខេត្ត Salavan នឹងបន្តផ្តល់ការថែរក្សាសុខភាពដល់ប្រជាជននៅខេត្ត Quang Tri ជាពិសេស និងប្រជាជនវៀតណាមទូទៅដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសឡាវ។

សម្រាប់ភាគីឡាវ អភិបាលរងខេត្ត Salavan លោក Phuthong Khammanivong បាននិយាយថា ខ្លួនបានចាត់វិធានការយ៉ាង​ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 រួមទាំងការសម្របសម្រួលជាមួយភាគីវៀតណាមក្នុងការត្រួតពិនិត្យការចូល និងចេញរបស់ប្រជាជននៅតាមច្រកទ្វារអន្តរជាតិ La Lay និងគ្រប់គ្រងការនាំចេញ និងនាំចូលទំនិញនៅតាមតំបន់ព្រំដែនទាំងអស់​ផងដែរ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)