ក្រសួងព័ត៌មាន ប្រកាសថា ក្រសួងមិនទទូលស្គាល់ស្ថាប័នព័ត៌មានណាដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងឡើយ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០៖

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ប្រកាសថា ក្រសួងមិនទទូលស្គាល់ស្ថាប័នព័ត៌មានណាដែលមិនបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងឡើយ ដើម្បីកាត់បន្ថយ នឹងលុបបំបាត់អោយបាននូវព័ត៌មានមិនពិត មិនច្បាស់លាស់ ដែលបណ្តាលអោយមានភាពវឹកវរនៅក្នុងសង្គម ។
ឯកឧត្តម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់សារជាថ្មីថា បណ្តាព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញ Facebook គឺក្រសួងមិនទទួលស្គាល់ជាដាច់ខាត ហើយក្រសួង មានវិធានការផ្លូវច្បាប់ក្នុងការអប់រំណែនាំដល់អង្គភាព រឺស្ថាប័នសារព័ត៌មានណា ដែលគ្មានការចុះបញ្ជីត្រឹមត្រូវ ។ ឯកឧត្តម បន្តថា បើសារព័ត៌មានណា ផ្សព្វផ្សាយព័ត៌មានខុសឆ្គង ត្រូវចេញមុខទទួលស្គាល់កំហុក និងសុំការអធ្យាស្រ័យជាសធារណៈដែលខ្លួនផ្សព្វផ្សាយខុសពីការពិត បើពុំអនុវត្តដូចការណែនាំនោះទេ ក្រសួងព័ត៌មាននឹងពិចារណាទៅលើវិធានការផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន រឺក៏អង្គភាពសារព័ត៌មានដែលនៅតែបំពាននោះ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្ដរបស់ ក្រសួងព័ត៌មាន» នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម មាស សោភ័ណ្ឌ បន្ថែមថា នៅពេលមានព័ត៌មានមិនពិត កើតឡើងក្រសួងព័ត៌មានបានសម្របសម្រួល ទៅកាន់អង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មាន ពិតត្រលប់ទៅវិញ ហើយវែកមុខអ្នកដែលល្មើសច្បាប់ឬស្ថាប័នព័ត៌មានដែលផ្សាយខុសពីការ ពិតអោយបំភ្លឺឡើងវិញភ្លាមៗ ដើម្បីកុំអោយព័ត៌មានមិនពិតនោះបង្កភាពហ្វឹកវរនៅក្នុងសង្គមបន្តទៀត ។
<< ក្រសួងព័ត៌មានកន្លងមក ផ្តល់អាជ្ញាប័ណ្ណទៅឲ្យការផ្សព្វផ្សាយទៅតាមរយៈគេហទំព័រ មិនមែនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកទេ ចឹងក្រសួងព័ត៌មានកន្លងមក មិនដែលចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុក គឺជាអង្គភាពសារព័ត៌មានដែរទទួលស្គាល់ដោយច្បាប់ ដែលចុះបញ្ជីនៅក្រសួងព័ត៌មានទេគឺយើង ផ្ដល់ការទទួលស្គាល់តែការបញ្ចុះបញ្ជីតាមការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ ។ ដូច្នេះអ្នកដែលប្រើបណ្ដាញសង្គម ហ្វេសប៊ុក ដែលកំពុងតែ មានចេតនានៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អញ្ចឹងហើយពេលដែលគាត់ផ្សព្វផ្សាយ ឬក៏ចែករំលែកព័ត៌មានមិនពិតនេះ គឺទាមទារការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់គាត់ ក្នុងការផ្សព្វផ្សាយព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការអនុវត្តន៍នូវផ្ទុយទៅនឹងច្បាប់ធរមាន នៃព្រះរាជាណាចក្រកម្ពុជា >>
សូមបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មការ តាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញសង្គមនានា នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យចលាចលនៅក្នុងសង្គម ៕