ក្រសួងព័ត៌មានបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បីកុំឱ្យប្រឈមផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៩ ០៤ ២០៖

ក្រសួងព័ត៌មាន បន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បីកុំឱ្យប្រឈមផ្លូវច្បាប់ ហើយធានាគុណភាពដល់ការផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជនកាន់តែមានភាពច្បាស់លាស់ និងឆាប់រហ័ស ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានអំពីវឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងព័ត៌មាន នៅទីស្ដីការគណរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ៩ ខែមេសានេះ ឯកឧត្ដម មាស សុភ័ណ្ឌអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានលើជំនាញ ផ្លូវច្បាប់ រដ្ឋបាល និងជំនាញគ្រប់គ្រងជាដើម ដើម្បីលើកម្ពស់សមត្ថភាពរបស់ពួកគេឱ្យកាន់តែមានជំនាញវិជ្ជាជីវៈពិតប្រាដក។
ឯកឧត្ដមបានបញ្ជាក់ថា ការបង្កើនការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននេះ ដើម្បីឱ្យអ្នកសារព័ត៌មានជៀសវាងបានបំពានសិទ្ធអ្នកដទៃ និងបំភ្លៃការពិត ។ ជាពិសេសចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យមានការបំពុលសង្គម ។
ក្រសួងព័ត៌មានក៏បានកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់របបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របតាមការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្នផងដែរ។
ឯកឧត្ដមបានលើកទឹកចិត្ដដល់សមាគមនិងអង្គភាពសារព័ត៌មាននានា ឱ្យបន្ដចូលរួមបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីពង្រឹងនូវគុណភាព និងគុណតម្លៃរបស់អង្គភាពនីមួយៗឱ្យកាន់តែទទួលបានការគាំទ្រពីមហាជន៕