សម្ដេចតេជោ ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសម្តេចធម្មវិសុទ្ធវង្សានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

វិទ្យុជាតិកម្ពុជា:ស្រីផល ០៩.០៤.២០២០៖

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចធម្មវិសុទ្ធវង្សា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។នៅក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣.១៤.១៥.និង១៦ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២០:៤៨នាទីយប់ ខាងមុខនេះ តាងនាមរដ្ឋាភិបាលព្រមទាំងមន្ត្រីរាជការនៅទូទាំងប្រទេសសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់យ៉ាង ចំពោះសម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សូមបានប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំតែងតែនឹកឃើញនិងចងចាំជានិច្ច ប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឆន្ទៈនិងសកម្មភាពស្នេហាជាតិ និងប្រជាជនរបស់សម្ដេច ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ រួមចំណែកស្ដារ និងអភិវឌ្ឍន៍មាតុភូមិអង្គរជាទីស្នេហានៃយើងទាំងអស់គ្នា ឲ្យមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដូចអរិយប្រទេសតរៀងទៅ។ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្ខសិទ្ធទាំងឡាយក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំជូតទោស័ក ព្រះនាមគោរាគ:ទេវី សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។