ក្រសួងការងារ កំពុងរៀបចំបែបបទផ្តល់ប្រាក់ខែទៅដល់កម្មករ និយោជិត ដែលផ្អាកការងារបណ្នោះអាសន្ន

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៩.៤.២០២០៖

ក្រសួងការងារ កំពុងរៀបចំបែបបទផ្តល់ប្រាក់ខែទៅដល់កម្មករ និយោជិត ដែលផ្អាកការងារបណ្នោះអាសន្ន ដើម្បីជួយគាំពារដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការក្របខ័ណ្ឌតំបន់ដើម្បីការពារនិងលើកកម្ពស់សុខុមាលភាពនិងផ្តល់ផលប្រយោជន៍ដល់បងប្អូនកម្មករ-កម្មការិនី។
លោក បានបន្ថែមថា កិច្ចគាំពារសង្គមនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនៅក្នុងប្រទេស គឺអនុវត្តស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ។លោក បញ្ជាក់ថា ក្នុងកាលៈទេសៈពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែជួបវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលក៏បានប្រកាស ឧបត្ថម្ភ៤០ ដុល្លារក្នុងមួយខែ ហើយម្ចាស់សហគ្រាសជួយឧបត្ថម្ភ ៣០ ដុល្លារ ដល់កម្មករ-កម្មការិនី ដែលផ្អាកការងារជាបណ្តោះអាសន្ន។
«រាជរដ្ឋាភិបាលអាចនឹងផ្ដល់ជូនទៅដល់បងប្អូនផ្ទាល់តែម្តងនូវការជួយឧបត្ថម្ភ៤០ ដុល្លារក្នុងមួយខែ ហើយម្ចាស់សហគ្រាសជួយ ៣០ ដុល្លារ នេះចំពោះកម្មករនិយោជិត ដែលជាកម្មករនៅក្នុងគ្រឹះស្ថានផ្ទាល់តែម្ដង ដែលម្ចាស់សហគ្រាសត្រូវធ្វើបែបបទ នៃការព្យួរកិច្ចសន្យាការងារ ស្របអ្វីនៅសេចក្តីណែនាំ របស់ក្រសួងការងារ ដែលបានចេញនឹងរៀបចេញខាងមុខនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រដ្ឋចេញ ៤០ដុល្លារ ម្ចាស់រោងចក្រចេញ៣០ដុល្លារ ដល់កម្មករ-កម្មការិនី ដែលផ្អាកការងារ ដូច្នេះកម្មករ-កម្មការិនី ម្នាក់ត្រូវទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុងមួយខែ៕