ក្រុមសហជីពគាំទ្ររាជរដ្ឋាភិបាលចំពោះការមិនឲ្យកម្មករឈប់សម្រាកក្នុងពេលចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ០៩ ០៤ ២០២០៖

  ក្រុមសហជីពការពារផលប្រយោជន៍កម្មករគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលមិនឲ្យកម្មករ និយោជិត ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយលើកពេលសងសមស្របណាមួយត្រឡប់វិញ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ទៅកាន់សហគមន៍ ខណៈបច្ចុប្បន្នកម្ពុជាកំពុងតែរកឃើញមានករណីអ្នកឆ្លងថ្មីជាបន្តបន្ទាប់។
លោក អ៊ូ សុខហេង ប្រធានសហព័ន្ធសហជីពសហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី៩ ខែមេសានេះ បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាល គឺជាវិធានការសមស្របមួយក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលជាបញ្ហាធ្ងន់ធ្ងរជាសកល។
ដូចគ្នានេះ លោក សោម អូន ដែលជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកពេលឈប់សម្រាកចូលឆ្នាំ គឺមានគោលបំណងការពារសុខភាព មុខរបរ និងអាយុជីវិតរបស់កម្មករនិយោជិត មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងអស់ពីឆ្លងជំងឺកូវីដ-១៩។
ចំណែក លោក ថុល ណន ប្រធានសម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា យល់ថា ការលើពេលឈប់សម្រាកនេះ ជាជម្រើសមួយដ៏មានប្រសិទ្ធភាពបំផុត ព្រោះថា សហគ្រាស គ្រឹះស្ថាន គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត សម្រាប់កម្មករ និយោជិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។
ដោយឡែក លោក អូន គឹមសួ ប្រធានសហព័ន្ធសហជីពកម្មករដើម្បីអភិវឌ្ឍន៍ បានលើក ឡើងថា ប្រសិនបើអនុញ្ញាត្តឲ្យកម្មករ និយោជិតរាប់ម៉ឺននាក់ដែលមានចល័តនៅទូទាំងប្រទេស ឈប់សម្រាក ដើម្បីធ្វើដំណើរទៅជួបជុំគ្រួសារតាមភូមិឋានរៀងៗខ្លួន នោះឱកាសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នឹងកាន់តែមានភាគរយខ្ពស់ ហើយអាចនឹងបង្កហានិភ័យកាន់តែធ្ងន់ធ្ងរដល់សង្គមជាតិ និងសង្គមគ្រួសារ។
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានរាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាក នឹងត្រូវសងចំនួន៥ថ្ងៃត្រឡប់វិញ ជូន មន្រ្តីរាជការ និងកម្មករ និយោជិតក្នុងវិស័យឯកជននៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅដើមសប្តាហ៍នេះ មានប្រសាសន៍ថា រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈ គឺមិនអនុញ្ញាត្តិឲ្យធ្វើនោះទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើន ដែលអាចប៉ះពាល់ដល់ការចម្លងមេរោគកូវីដ-១៩។ ប៉ុន្តែប្រជាពលរដ្ឋអាចប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ហើយអ្វីដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដើម្បីកុំឲ្យឆ្លងមេរោគផ្លូវដង្ហើមដ៏កាចសាហាវដែលកំពុងរីករាលដាលពេញពិភពលោក ក្នុងខណៈពុំទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារ ឬថ្នាំពេទ្យសម្រាប់ព្យាបាល៕