សេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ននឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅថ្ងៃស្អែក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៩ ០៤ ២០២០៖

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវរដ្ឋសភាពេញអង្គធ្វើការពិនិត្យ ពិភាក្សា និងអនុម័តនៅថ្ងៃទី១០ ខែមេសាស្អែកនេះ តមតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទុកជាការប្រញាប់។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចយកថ្ងៃស្អែកនេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីគណៈកម្មការជំនាញរបស់រដ្ឋសភា បានសិក្សាស្រាវជ្រាវលើខ្លឹមសារ និងពាក្យពេចន៍បន្ថែមចប់សព្វគ្រប់។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលត្រូវបានចែកចាយតាមបណ្តាញសារព័ត៌មាន បានកំណត់បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕