អភិបាលខេត្តកណ្តាល ចុះពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋ ៤៩ខ្នង នៅស្រុកអង្គស្នួល ដែលរងនូវការខូចខាតពីការបំផ្ទុះគ្រាប់បំបែកយកថ្ម

AKP កណ្តាល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០–នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និង ពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ នៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ដែលទទួលរងនូវការខូចខាតដោយសារការបំផ្ទុះគ្រាប់ បំបែកយកថ្ម ពីភ្នំត្មាតពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរងគ្រោះទាំង ៤៩គ្រួសារថា រដ្ឋបាលខេត្ត មានការសោកស្តាយនូវការបំផ្ទុះយកថ្ម បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នឹងជួយរកដំណោះស្រាយសម្របសម្រួលជាមួយខាងភាគីក្រុមហ៊ុន ដើម្បីធ្វើការដោះស្រាយសំណង ដោយការជួសជុលជូនប្រជាពលរដ្ឋទាំងអស់ឡើងវិញ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវថវិកាចំនួន ១០០ដុល្លារអាម៉េរិក។

នៅក្នុងជំនួបនោះ ប្រជាពលរដ្ឋទាំង ៤៩គ្រួសារបានសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ឱ្យជួយរកវិធីណាដើម្បីកុំឱ្យកុមហ៊ុន បំផ្ទុះថ្ម ប៉ះពាល់ដល់ភូមិឋានរបស់ពួកគាត់ទៀត នេះសំណាងណាស់ប៉ះដំបូលផ្ទះ បើប៉ះចំមនុស្សវិញ វានឹងមានបញ្ហាអ្វីកើតឡើងចំពោះពួកគាត់ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល )