អភិបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP មណ្ឌលគិរី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំជាបន្ទាន់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីដាក់វិធានការឱ្យមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង អាជ្ញាធរក្រុង ស្រុកទាំង៥ ទូទាំងខេត្តមណ្ឌលគិរី សហការគ្នាត្រៀមរកទីតាំងមណ្ឌលមួយក្នុងក្រុង ស្រុក ត្រូវមានមណ្ឌល ដាក់ដាច់ដោយឡែកមួយ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានសុខភាពរបស់ប្រជាពលរដ្ឋ ដែលមកពីក្រៅប្រទេស ។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានឱ្យអភិបាលក្រុង ស្រុក និង សមត្ថកិច្ចមូលដ្ឋាន ចុះស្រង់ស្ថិតិពលករដែលចូលមកក្នុងខេត្តមណ្ឌលគិរី ជាប្រចាំថ្ងៃ ធ្វើរបាយការណ៍ រាយការណ៍មកឃុំ ស្រុក និង ខេត្ត ព្រមទាំងបង្កើនការផ្សព្វផ្សាយនូវវិធីបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន ។

កិច្ចប្រជុំនេះធ្វើឡើងដោយ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និង មានវិធានការបន្ថែមចាំទទួល និង ការគ្រប់គ្រងស្ថិតិពលករដែលត្រឡប់មកពីក្រៅប្រទេស ឱ្យបានល្អ ពិសេសបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង ស្រុក ទាំង ៥ ប្រធានមន្ទីរ អង្គភាពដែលពាក់ព័ន្ធជុំវិញខេត្ត អធិការក្រុង ស្រុកទាំង ៥ ត្រូវតែអនុវត្តន៍ឱ្យបានដាច់ខាត ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តមណ្ឌលគិរី)