អ៊ីរ៉ង់ស្នើ IMF ផ្តល់ប្រាក់កម្ចី ៥ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួុង ឈុនលាង

លោក ហាសាន់ រូហានី ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយនៅថ្ងៃពុធនេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងមានកំហុសអំពី“ ឥរិយាបទរើសអើង” ប្រសិនបើស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះមិនឲ្យអ៊ីរ៉ងខ្ចីប្រាក់ចំនួន ៥ ពាន់លានដុល្លារជាថវិកាបន្ទាន់ដើម្បីជួយទីក្រុងតេអេរ៉ង់ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19។

តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី ០៨ ខែ មេសា ឆ្នាំ ២០២០បានឲ្យដឹងទៀតថា តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់រដ្ឋាភិបាលតេអេរ៉ង់ លោករូហានីបានជំរុញឲ្យ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ត្រូវបំពេញភារកិច្ចរបស់ខ្លួន ហើយអ៊ីរ៉ង់ក៏ជាប្រទេសសមាជិកមួយរបស់ IMF ដែរ ដូច្នេះមិនគួរមានការរើសអើងក្នុងការផ្តល់ប្រាក់កម្ចីនោះទេ។

លោក អាប់ឌុលណាស៊ើ ហែមម៉ាត់ (Abdolnaser Hemmat) ប្រធានធនាគារកណ្តាល អ៊ីរ៉ង់បានសរសេរលិខិតទៅ IMF កាលពីខែមុនដើម្បីស្នើសុំថវិកាចំនួន ៥ ពាន់លានដុល្លារសម្រាប់ជាមូលនិធិបន្ទាន់ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19។ បើតាមមន្ត្រី មូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា មូលនិធិដែលស្នើសុំនេះ កំពុងពិភាក្សាជាមួយអាជ្ញាធរអ៊ីរ៉ង់ជុំវិញការស្នើសុំជំនួយហិរញ្ញវត្ថុដោយកិច្ចពិភាក្សាមានគោលបំណងស្វែងយល់ពីតម្រូវការរបស់អ៊ីរ៉ង់និងអ្វីដែលចាំបាច់សម្រាប់តម្រូវការរបស់អ៊ីរ៉ង់ដើម្បីដំណើរការលើការផ្តល់ប្រាក់កម្ចីនេះ ។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅមជ្ឈឹមបូព៌ាដោយការផ្ទុះឡើងនូវជំងឺឆ្លង COVID-19 ខណៈមកទល់នឹងពេលនេះបានសម្លាប់មនុស្សចំនួន ៣,៨៧២ នាក់និងឆ្លងជំងឺសរុបចំនួន ៦២,៥៨៩ នាក់៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters