មន្ទីរកសិកម្មខេត្ដតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំបន្លែ និងចិញ្ចឹមសត្វឱ្យច្រើនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
MC៖ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ បានអំពាវនាវឱ្យប្រជាពលរដ្ឋងាក មកដាំ ដំណាំបន្លែ និងចិញ្ចឹមសត្វជាលក្ខណ:គ្រួសារឱ្យច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ដតាកែវ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្ដដល់ប្រជាពលរដ្ឋឱ្យងាកមកបង្កបង្កើនផលបន្លែ និងចិញ្ចឹមសត្វ ដូចជា ចិញ្ចឹមជ្រូក មាន់ ត្រី ដែលកំពុងមានតម្លៃថ្លៃនៅលើទីផ្សារ។
លោកបញ្ជាក់ថា ការជំរុញឱ្យកសិករងាកមកដាំដំណាំបន្លែ និងការចិញ្ចឹមសត្វក្នុងលក្ខណ:គ្រួសារនេះ ដើម្បី លើកកម្ពស់កម្រិតជីវភាពក្នុងគ្រួសារ និងធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក បន្ទាប់ពីកម្ពុជា និង ពិភពលោក កំពុងជួបប្រទះការរីករាលដាលនឹងជំងឺកូវីដ-១៩។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ទៀតថា មន្ទីរបានសហការជាមួយដៃគួរពាក់ព័ន្ធ ក្នុងការចុះបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែ ការចិញ្ចឹមសត្វ និងស្វែងរកទីផ្សារលក់កសិផលជូនដល់ប្រជាពលរដ្ឋផងដែរ។
លោក អ៊ុន អឿនសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវបានឱ្យដឹងថា បច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំ ចូលពីខាងក្រៅ ។
លោកបន្ដថា ដោយមានតម្រូវការបន្លែ និងសាច់ ព្រមជាមួយនឹងតម្លៃកើនឡើងនេះ លោកមើលឃើញមាន កសិករ គ្រូបង្រៀន និងអាជ្ញាធរឃុំ ភូមិ បានងាកមកដាំដំណាំជាបណ្តើរៗឡើងវិញ ដើម្បីចាប់យកឱកាសមាសនេះ សម្រាប់ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក ផង និងលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើង៕