សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាមេរិកពាក់ពន្ធ័នឹងការរីករាលដាលនៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៨ មេសា ២០២០៖

សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិ្តការអន្ដរជាតិ នៅ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Mike Pompeo រដ្ឋមន្ត្រីបរទេសសហរដ្ឋអាមេរិក ពាក់ពន្ធ័នឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងជំនួបនោះ ឯកឧត្តម Pompeo អរគុណកម្ពុជា ចំពោះការជួយសង្គ្រោះអ្នកធ្វើដំណើរលើនាវាកំសាន្ដ Westerdam ។ចំណែក សម្ដេចតេជោ ក៏បានអរគុណអាមេរិកចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាកបានអាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។
ឯកឧត្តម អះអាងថា អាមេរិកនឹងបន្ត ជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាពរបស់ប្រជាជនកម្ពុជា ។ឯកឧត្តម Pompeo ក៏បានស្វាគមន៍សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីអធិបតេយ្យជាតិ គាំទ្រទំរង់នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។
ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាមេរិក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាមេរិចក្នុងតំបន់ និងពីការពេញចិត្តចំពោះការវិភាគទាន និងសារៈសំខាន់របស់អាមេរិកក្នុងការកាត់បន្ថយគម្លាតរវាងប្រទេសនានាក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងទៀត។
សម្ដេចតេជោ ក៏បានអរគុណចំពោះវិភាគទានដែលអ្នកស្ម័គ្រចិត្តអាមេរិកពី Peace Corps Volunteers បានផ្ដល់ដល់សង្គមកម្ពុជា ហើយដែលនេះជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជនផងដែរ។សម្ដេចតេជោ បានផ្ដាំផ្ញើពីការគាំទ្ររបស់សម្ដេចជូនចំពោះប្រធានាធិបតីអាមេរិក ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 សម្ដេចនិងឯកឧត្តម Pompeo បានចែករំលែកសមាសចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារជនរងគ្រោះទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារ COVID-19។ ជាមួយគ្នានោះ ឯកឧត្តម Pompeo ក៏បានអរគុណសម្ដេចចំពោះអញ្ជើញឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងវេលាសមស្រប៕