ក្រសួងអប់រំយុវជន និងកីឡាសហការជាមួយក្រសួងព័ត៌មាន នឹងបង្កើតប៉ុស្តិ៍ទូរទស្សន៍ សម្រាបចាក់ផ្សាយការបង្រៀនដល់សិស្សានុសិស្ស

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖


ក្រសួងអប់រំយុវជន និងកីឡាសហការជាមួយក្រសួងព័ត៌មាន នឹងបង្កើតប៉ុស្តិ៍ទូរទស្សន៍ សម្រាបចាក់ផ្សាយការបង្រៀនដល់សិសិស្សានុសិស្ស ដើម្បីអោយសិស្សទាំងអស់នៅទូទាំងប្រទេសអាចបន្តរៀនសូត្របានតាមប៉ុស្តិ៍ទូរទស្សន៍អប់រំមួយនេះ ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់រវាងក្រសួងអប់រំយុវជននិងកីឡានិងក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ចាប់ពី ថ្ងៃទី ១០ ខែមីនា ក្រសួងបានប្រកាសបិទសាលាទូទាំងប្រទេស ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្រសួងក៏បានផលិតវីដេអូស្តីពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច E-Learning ហ្វេសប៊ុករបស់ក្រសួង youtube គេហទំព័ររបស់ក្រសួង សម្រាប់មតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដើម្បីជួយដល់ឱ្យសិស្សានុសិស្សទាំងអស់ អាចធ្វើស្វ័យសិក្សានៅតាមផ្ទះ រួមជាមួយនឹងការរៀនសូត្រពីសៀវភៅសិក្សាគោល ដែលមានស្រាប់ ។
ឯឧត្តម បានបន្តថា ប៉ុន្តែការបង្រៀនអនឡាញនេះ ពាក់ព័ន្ធ ទៅនឹងសេវាទូរស័ព្ទ អ៊ីនធឺណិត ឧបករណ៍ផ្សេងៗដូចជា កុំព្យូទ័រនិងទូរស័ព្ទដៃ ហើយតាមការសង្កេតឃើញថា សិស្សមួយចំនួនធំដែលរស់នៅតាមទីជនបទដែលគ្មានអ៊ីនធឺណិត គ្មានទូរសព្ទនិងកុំព្យូទ័រ ឡើយ ពួកគាត់មានការលំបាកក្នុងការសិក្សាបន្ថែមខ្លួនឯង។ដូច្នេះ ទើបក្រសួងអប់រំយុវជន និងកីឡាសហការជាមួយក្រសួងព័ត៌មាន កំពុងសិក្សាស្រាវជ្រាវ និងផលិតវីដេអូពីការបង្រៀនអោយបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយលើប៉ុស្តិ៍ទូរទស្សន៍តែម្ដង ដែលអាចឲ្យសិស្សានុសិស្សមានលទ្ធភាពរៀនទាំងអស់គ្នា ដោយគ្រាន់តែប្រើប្រាស់តាមរយៈប៉ុស្តិ៍ទូរទស្សន៍អប់រំនេះ ។
<< ក្រសួងអប់រំបានថ្លែងអំណរគុណដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលលោកបានបញ្ជាទៅដល់ក្រសួងទាំងពីរ នេះដើម្បីបង្កើតឲ្យមានប៉ុស្តិ៍ថ្មីមួយទៀត ដែលហៅថាតេជោTV ដែលអាចឱ្យសិស្សានុសិស្សទាំងអស់កាត់បន្ថយនូវកម្រៃ សេវា នៃការប្រើប្រាស់ទូរសព្ទ ថ្ងៃក៏អាចផ្ដល់ឱកាសឲ្យសិស្សទាំងអ្នកមានទាំងអ្នកក្ររៀនបានដោយមិនចាំបាច់ឱ្យលុយហើយបច្ចុប្បន្ននេះយើងរៀបចំ កម្មវិធីនេះ រៀនតាមអនឡាញ ចំនួន 5 ទៅ 6 ម៉ោង ក្នុងមួយថ្ងៃ ចំណែកប៉ុស្តិ៍ទូរទស្សន៍ថ្មីយើងនឹងរៀបចំឲ្យបានល្អ ទៅតាមតម្រូវការរបស់សិស្ស ក្រសួងអប់រំ និងសហការជាមួយ ក្រសួង ព័ត៌មានដើម្បីថតជា វីដេអូ ហើយ យើងនឹងផ្សព្វផ្សាយ នៅកម្មវិធី ដែលក្រសួងបានដាក់ចេញ ដូច្នេះសិស្សអាចតាមដានមើលតាមកម្មវិធីក្រសួង ក្រសួងនឹងសហការជាមួយក្រសួងព័ត៌មាននឹងធ្វើ ការនេះហើយ នៅពេលចូលឆ្នាំខ្មែរហើយ >> ។
ឯឧត្តមក៏បានសំណូមពរ ឱ្យមាតាបិតាណាព្យាបាលទាំងអស់ រៀបចំឱ្យកូនមានកន្លែងរៀនសូត្រឱ្យបានត្រឹមត្រូវ ដោយត្រូវមានតុ កៅអី ប្រដាប់ប្រដារៀនសូត្រ រួមទាំងសៀវភៅគោលសិក្សា ដើម្បីងាយស្រួលដល់ការរៀនសូត្ររបស់កូនៗ ។
ឯកឧត្តម បញ្ជាក់ថា ក្រសួងនឹងខិតខំសិក្សាបន្ថែមទៀត លើការរៀបចំប្រព័ន្ធ សួរនិងឆ្លើយ នាពេលអនាគត ដែលក្នុងពេលបច្ចុប្បន្ននេះ យើងមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើប្រព័ន្ធនេះទេ ៕