រុស្ស៊ីបញ្ជាក់អំពីការចូលរួមក្នុងកិច្ចប្រជុំ OPEC+ នៅថ្ងៃទី​៩ ខែមេសា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — អ្នកតំណាងរបស់ក្រសួងថាមពលរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសាព័ត៌មាន TASS ថា ក្រសួងថាមពលរបស់ប្រទេសរុស្ស៊ីបានទទួលការអញ្ជើញពីអង្គការ OPEC ដើម្បីចូលរួមក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC+ ដែលនឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី ៩ ខែមេសា ជាសន្និសីទតាមវីដេអូ ហើយប្រទេសរុស្ស៊ីបានបញ្ជាក់អំពីការចូលរួមរបស់ខ្លួនរួចរាល់ហើយ។

លោកបាននិយាយដោយចោទសួរថា តើប្រទេសរុស្ស៊ីនឹងចូលរួមនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៩ ខែមេសា ដែលគ្រោងនឹងពិភាក្សា​អំពីវិធានការដើម្បីធ្វើឱ្យទីផ្សារប្រេងមានស្ថិរភាពដោយប្រទេសផលិតប្រេងដែរឬយ៉ាងណា «ពិតប្រាកដណាស់ យើងទទួលបានការ​អញ្ជើញ។ យើងបានបញ្ជាក់អំពីការចូលរួមរួចហើយ»។

កិច្ចព្រមព្រៀង OPEC+ ស្តីពីការកាត់បន្ថយផលិតកម្មប្រេងឆៅ បានផុតកំណត់កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០។ ប្រទេស​រុស្ស៊ី និងអារ៉ាប៊ីសាអូឌី មិនបានឈានដល់កិច្ចព្រមព្រៀង ស្តីពីលក្ខខណ្ឌនៃការ     ពន្យារពេលរបស់ខ្លួន បន្ទាប់ពីខែមីនា ដែលបានបង្កឱ្យ​មានការកើនឡើងផលិតកម្មនៅក្នុងរដ្ឋរបស់អង្គការ OPEC នោះទេ។ ទន្ទឹមនិងនេះដែរ តម្រូវការបានបង្ហាញអំពីការធ្លាក់ចុះដែលមិន​ធ្លាប់មានពីមុនមកដោយសារតែជំងឺរាតត្បាតមេរោគកូរ៉ូណាវីរុស។ កត្តាទាំងនោះរួមបញ្ចូលគ្នាបានជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះដល់តម្លៃ ២២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ កាលពីចុងខែមីនា បណ្តាដៃគូនានាបានសម្រេចបន្ត​កិច្ចពិគ្រោះយោបល់ នឹងមានការចូលរួមពីអ្នកផលិតផ្សេងទៀតមកពីក្រុមប្រទេស G20 ក្នុងកិច្ចប្រឹងប្រែងរួមគ្នា៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)