លោក ពូទីន ដឹកនាំកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើជាប្រធាននៃកិច្ចប្រជុំមួយ ស្តីពីស្ថានភាពជំងឺឆ្លងមេរោគកូរ៉ូណាវីរុសនេះកាលពីថ្ងៃអង្គារ។

លោកបាននិយាយថា «ប្រធានាធិបតីនៅតែបន្តធ្វើការនៅ Novo-Ogaryovo [ទីលំនៅរបស់លោក] នៅថ្ងៃនេះ។ បន្ទាប់មក លោកមានការប្រជុំជាមួយក្រុមអ្នកជំនាញអំពីស្ថានភាពជំងឺឆ្លងមេរោគកូរ៉ូណាវីរុស និងវិធានការបង្ការ»។

លោក Peskov បាននិយាយបន្ថែមថា «ជាការពិតណាស់ កិច្ចប្រជុំទាំងនោះត្រូវបានធ្វើឡើងជាលក្ខណៈសន្និសីទវីដេអូ»។

លោកបានកត់សម្គាល់ថា ការចូលរួមនៅក្នុងកិច្ចប្រជុំនេះនឹងមានឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Tatyana Golikova រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Denis Manturov រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mikhail Murashko និងលោក Aide Maxim Oreshkin។ វាក៏នឹងមានការចូលរួមផងដែរអំពីក្រុមអ្នកជំនាញ ប្រធាន និងអ្នកតំណាងមកពីមជ្ឈមណ្ឌលស្រាវជ្រាវធំៗ ដែលដោះស្រាយបញ្ហាទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស នឹងការបង្កើតវ៉ាក់សាំង៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)