សហរដ្ឋអាមេរិកបង្ហោះយន្តហោះស៊ើបការណ៍ជាថ្មីម្តងទៀតនៅលើឧបទ្វីបកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — អ្នកតាមដានអាកាសចរណ៍ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្ដហោះស៊ើបការណ៍​របស់សហរដ្ឋអាមេរិកបានហោះមកលើប្រទេសកូរ៉េខាងត្បូងនៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើល​ប្រទេស    កូរ៉េខាងជើង​បន្ទាប់ពីមានការបាញ់សាកល្បងអាវុធសំខាន់ៗជាច្រើនដោយប្រទេសកុម្មុយនីស្តមួយនេះកាលពីខែមុន។

យន្តហោះស៊ើបការណ៍ប្រភេទ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក​ត្រូវបានគេប្រទះឃើញនៅលើ​មេឃ នៅខាងលើខេត្ត Gangwon និងខេត្ត Gyeonggi នៅជិតទីក្រុងសេអ៊ូល។

វាមានភាពប្រកាសស្រដៀងគ្នាទៅនឹងការបង្ហាញកាលពីថ្ងៃសៅរ៍ អំពីការរកឃើញយន្តហោះប្រភេទនេះហោះពីលើប្រទេស​កូរ៉េខាងត្បូងដូចគ្នា។

សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះស៊ើបការណ៍ជាច្រើនប្រភេទនៅទីនេះ ដូចជាកងនាវាចរ EP-3E របស់កងទ័ពជើង​ទឹក ចំពេលដែលមានចលនាយោធាកើនឡើងដោយសារកូរ៉េខាងជើង នឹងការបញ្ឈប់កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និង​ទីក្រុងព្យុងយ៉ាង។

កាលពីខែមុន របបនេះបានបន្តការបាញ់គ្រាប់មីស៊ីលដ៏សំខាន់បន្ទាប់ពីការឈប់បាញ់រយៈពេល ៤ខែ។ ជុំចុងក្រោយ និងជុំលើកទី ៤ នៅក្នុងឆ្នាំនេះ បានកើតឡើងនៅថ្ងៃទី ២៨ ខែមីនា នៅពេលដែលកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ ពីទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Wonsan ឆ្ពោះទៅសមុទ្រខាងកើត៕

(ប្រភព ​Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)