មេដឹកនាំអូស្រ្តាលីស្នើសុំឱ្យកូរ៉េខាងត្បូង ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានស្នើសុំការជួយគាំទ្ររបស់​ កូរ៉េខាងត្បូងសម្រាប់ប្រទេសរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស ហើយបានស្នើឱ្យមានកិច្ចប្រជុំទ្វេភាគីជាក់ស្តែង​មួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ។

យោងតាមអ្នកនាំពាក្យរបស់ Cheong Wa Dae លោក Kang Min-seok បាននិយាយឱ្យដឹងថា លោក Morrison បានសន្ទនា​តាមទូរស័ព្ទ​ជាមួយលោក Moon នឹងបាននិយាយថា ប្រទេសរបស់លោកសង្ឃឹមថា នឹងនាំចូលឧបករណ៍ធ្វើតេស្ត និងឧបករណ៍​វេជ្ជសាស្រ្តផ្សេងទៀតពីកូរ៉េខាងត្បូង។ លោក Moon បានឆ្លើយតបថា រដ្ឋាភិបាលរបស់លោកនឹង «ធ្វើការពិចារណាយ៉ាងសកម្ម» រាល់ការ​គាំទ្រដែលអាចធ្វើទៅបានតាមរយៈការពិគ្រោះយោបល់តាមបណ្តាញការទូត។

លោកប្រធានាធិបតីបានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់ទីក្រុងសេអ៊ូលក្នុងការចែករំលែកបទពិសោធន៍នៃការដាក់ឱ្យនៅដាច់ដោយឡែករបស់ខ្លួន ចំពេលដែលមានទស្សនៈថា វាមានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេសភាគច្រើន ក្នុងការឆ្លើយតបទៅនឹងការរីករាល​ដាលនៃជំងឺ COVID-19។

លោក Moon ក៏បានលើកឡើងផងដែរអំពីតម្រូវការសម្រាប់ប្រទេសទាំងពីរដើម្បីបន្ត «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដ៏​សំខាន់» ក្នុងនាមជាដៃគូពាណិជ្ជកម្ម បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតនេះក៏ដោយ។ ឆ្នាំនេះ ពួកគេប្រារព្ធខួបលើកទី ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកបានស្នើសម្រាប់ «ចំណាប់អារម្មណ៍ និងការគាំទ្រ» របស់លោកនាយករដ្ឋមន្រ្តីដើម្បីឱ្យអ្នកជំនួញអាចត្រូវបានអនុញ្ញាតឱ្យ​ធ្វើទស្សនកិច្ចក្រោមលក្ខខណ្ឌជាក់លាក់។

លោក Kang បាននិយាយថា លោកនាយករដ្ឋមន្រ្តីបានយល់ព្រមជាគោលការណ៍ជាមួយនឹងការ ផ្តល់ជូនរបស់លោក Moon និងស្នើឱ្យមានកិច្ចប្រជុំកំពូលតាមវីដេអូមួយទល់នឹងមួយនៅក្នុងឆ្នាំនេះ។

លោក Morrison ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយបន្ថែមថា ប្រសិនបើកិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងនោះ វានឹង​ក្លាយជាឱកាសសម្រាប់កិច្ចពិភាក្សាអំពីវិធីនានា ដើម្បីជម្នះវិបត្តិជំងឺឆ្លងមេរោគ កូរ៉ូណាវីរុស កិច្ចសហការជាមួយប្រទេសងាយរងគ្រោះ និងកិច្ចអភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្មទ្វេភាគីប្រកបដោយស្ថិរភាព៕

(ប្រភព ​Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)