ឯកឧត្តម​ ហ៊ុន ម៉ានី នាំយកអំណោយ ប្រគល់ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម​ ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូន​ ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយជាក់ស្តែង។
ក្នុងរយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាក្រុងរាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន ១៦ ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាគដែលក្នុងមួយកញ្ចប់មាន៖ អង្ករ (៥គីឡូ) ទឹកស៊ីអ៊ីវ (១ដប) សាប៊ូលាងដៃ (១ ដុំ) និងភេសជ្ជៈ (២កំប៉ុង) ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន ១០០ កញ្ចប់។
ក្នុងឱកាសនោះដែរ​ឯកឧត្តម​ ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងការ អរគុណ
យ៉ាងជ្រាលជ្រៅ ជូនចំពោះ​ឯកឧត្តម​ ហ៊ុន ម៉ានី ដែលលោកនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ ឯកឧត្តម​តែងតែ ជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងជីវភាពគ្រួសារ៕