ក្រសួងអប់រំ ពន្យារពេលការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ

វិទ្យុជាកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០៖

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលចំពោះកាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែមេសានេះ បានប្រកាសថា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រទាំងពីរកម្រិតនេះនៅចុងឆ្នាំ២០២០ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈក្រសួងបាននឹងកំពុងជំរុញការសិក្សារបស់សិស្សានុសិស្សតាមប្រព័ន្ធអនឡាញ(Online) ។ «ខ្ញុំសូមណែនាំទៅដល់អាណាព្យាបាល នៅពេលបច្ចុប្បន្នក្រសួងក៏បានធ្វើការសម្រេចចិត្តថា នឹងពន្យារពេលប្រឡងទាំងប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ហើយយើងនឹងរៀបចំការប្រឡងនេះអោយបាននៅចុងឆ្នាំ ដោយសារការបង្រៀន Online នេះ វាមិនបានគ្រប់គ្រាន់។ ចឹងទៅតាមស្ថានភាពនៃការវិវត្តន៍នៃជំងឺកូវីដ១៩នេះ នៅចុងឆ្នាំយើងនឹងរៀបចំការប្រឡង »។
ឯកឧត្តម បានអំពាវនាវដល់មាតាបិតា ឬ អាណាព្យាបាលសិស្សានុសិស្ស ទាំងអស់ រៀបចំទីកន្លែងរៀនសូត្រសម្រាប់កូនៗអោយបានត្រឹមត្រូវ ដោយមានតុ កៅអី ប្រដាប់ប្រដារៀនសូត្រអោយបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនចូលរួមប្រឡងប្រជែងនាចុងឆ្នាំនេះ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាជាមួយ ក្រសួងព័ត៌មាន រៀបចំជាប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ ក្នុងការផ្សព្វផ្សាយនូវការបង្រៀនផ្សេងៗនៅកលើកញ្ចក់ទូរទស្សន៍ ដើម្បីអោយសិស្សានុសិស្សមានលទ្ធភាពគ្រប់ៗគ្នាក្នុងការរៀនសូត្រ៕