ក្រសួងការងារ បានប្រកាសពន្យាពេលការស្នើសុំពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២០ ដោយមិនតម្រូវឲ្យផាកពិន័យឡើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៨ មេសា ២០២០៖

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពន្យាពេលការស្នើសុំពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២០ ដោយមិនតម្រូវឲ្យផាកពិន័យសម្រាប់ជនបរទេសដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០១៩។
យោងតាមសេចក្ដី ណែនាំ របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ដោយស្ថានភាពឆ្នាំ២០២០នេះ មានវិបត្តិផ្ទុះឡើងនៅជំងឺកូវីត១៩ នៅលើពិភពលោក ធ្វើឲ្យជនបរទេសដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០១៩ មួយចំនួន មិនទាន់បានត្រឡប់ពីប្រទេសកំណើត ដើម្បីមកបំពេញការងាររបស់ពួកគាត់នៅឡើយ។
ដូច្នេះ មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវមានភារកិច្ច ទទួលអនុវត្តនិងពិនិត្យលើការស្នើសុំពន្យាសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២០ មិនតម្រូវឲ្យផាកពិន័យសម្រាប់ជនបរទេសដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០១៩ រហូតមានការណែនាំជាថ្មី។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីដែលទទួលបន្ទុកក្នុងការប្រមូលសេវាសាធារណៈលើការពន្យារបណ្ណ/សៀវភៅការងារជនបរទេសទាំងអស់នឹងអនុវត្តតាមសេចក្ដីណែនាំនេះដោយប្រសិទ្ធភាព៕