ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន រួមគ្នាលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សនៅតាមជនបទ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ៖

ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន រួមគ្នាលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សនៅតាមជនបទ តាមរយៈការបង្រៀនតាមទូរទស្សន៍ដែលផ្តល់ភាពងាយស្រួល អោយសិស្សានុសិស្ស ដែលគ្មានប្រពន្ធ័ Internet អាចរៀននៅផ្ទះបាន ។
ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផលិតនិងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចម្ងាយនិងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សនៅតាមទីជនបទដែលគ្មានស្មាតហ្វូន សំរាប់តាមដានពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ខណៈដែលក្រសួងមានកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App សំរាប់ឲ្យសិស្សរៀន ប៉ុន្តែក៏នៅតែជាកង្វល់របស់ក្រសួងសំរាប់ឲ្យសិស្សានុសិស្សនៅទីជនបទពិបាកក្នុងការរៀនផងដែរ ។ដូច្នេះ ទើបក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មានរៀបចំកម្មវិធីនេះឡើង ដោយយើងថតទុកហើយបន្ទាប់មកនឹងផ្សព្វផ្សាយដល់សិស្ស ទស្សនាលើមុខវិជ្ជាដែលត្រូវរៀន ដោយសិស្សអាចមើលទូរទស្សន៍តាមកម្មវិធីរបស់ក្រសួង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សទាំងអស់ ។
សំលេង ៖ អញ្ចឹងហើយបានជាក្រសួងអប់រំសូមថ្លែងអំណរគុណដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ជា ទៅដល់ក្រសួងអប់រំ និងក្រសួងព័ត៌មាន ដើម្បីបង្កើតឲ្យមានប៉ុស្តីថ្មីទូរទស្សន៍ថ្មីមួយមានឈ្មោះតេជោTV ដើម្បីបង្រៀនតាមអនឡាញអាចឲ្យសសិស្សកាត់បន្ថយនូវកម្រៃសេវាពីការប្រើប្រាស់ទូរសព្ទ ហើយផ្ដល់ឱកាសឲ្យទៅសិស្សដែលមានឧបករណ៍អាចរៀនបានដោយមិនអស់ថវិកាទេ ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំកម្មវិធីការបង្រៀនតាមទូរទស្សន៍ ដល់សិស្សានុសិស្សក្រោយពីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ៕