គ.ជ.ប ពន្យារពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយសារបញ្ហារីករាលដាលវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ០៨ ០៤ ២០២០៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចពន្យារពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដោយសារបញ្ហារីករាលដាលវីរុសកូវីដ១៩។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី៨ ខែមេសានេះ បានឲ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២០ នឹងលើកទៅធ្វើនៅថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូវិញ ដោយសារស្ថានការណ៍បច្ចុប្បន្ននៃការរីករាលដាលជាសកលនៃមេរោគកូរ៉ូណា ឬ កូវីដ១៩ នៅតែជាក្តីបារម្ភសម្រាប់ប្រជាជាតិទូទាំងពិភពលោក។ មួយវិញទៀត ការសម្រេចពន្យារពេលនេះ ក៏ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា តាមការប៉ាន់ស្មានមានប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មីសរុបប្រមាណ២៨៤.៤៥០នាក់ ក្នុងអំឡុងពេល គ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ។
តាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោត បានកំណត់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភា ដើម្បីឲ្យប្រជាពលរដ្ឋកែតម្រូវឈ្មោះ ឬទិន្នន័យដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬ កើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ និងមានឯកសារគ្រប់គ្រាន់ មានសិទ្ធិចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នា។
យោងតាមរបាយការណ៍របស់គ.ជ.ប បានបង្ហាញថា បញ្ជីបោះឆ្នោតនៅឆ្នាំ២០១៩ មានប្រជាពលរដ្ឋកម្ពុជាសរុបជាង៨លាន៦២ម៉ឺននាក់ ស្មើនឹង៨៤,៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវប៉ាន់ស្មាន់គ្រប់អាយុបោះឆ្នោតសរុប៕