ក្រសួងសុខាភិបាល សម្រេចយកថ្ងៃច័ន្ទ រៀងរាល់សប្តាហ៍ក្នុងការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីត១៩

វិទ្យុជាតិកម្ពុជា៖ស្រីផល 08,04,2020៖

ក្រសួងសុខាភិបាល សម្រេចយកថ្ងៃច័ន្ទ រៀងរាល់សប្តាហ៍ក្នុងការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីត១៩ ដើម្បីធ្វើការរាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបនៃជំងឺនេះ។
តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមការសម្រេចដ៏ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២០ នៅអាគារសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មានស្ដីអំពីបច្ចុប្បន្នភាពជំងឺកូវីត១៩ ដែលនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃច័ន្ទ នៃសប្តាហ៍នីមួយៗ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល។ សន្និសីទនេះ មានគោលបំណងជំរាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស អំពីស្ថានភាពនិងបច្ចុប្បន្នភាពនៃជំងឺកូវីត១៩ ,រាយការណ៍ពីការរាតត្បាតនិងអន្តរាគមន៍ឆ្លើយតប, ផ្ដល់ព័ត៌មានស្ដីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនូវជំងឺ កូវីត១៩ និងបញ្ហាពាក់ព័ន្ធ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសំភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៨ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាលតាមរយៈលេខទូរសព្ទ ០១២ ៨២៥ ៤២៤ ,០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។