រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៨ ០៤ ២០២០ ៖

រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការឯកភាពពីរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ប្រភពដដែលបន្ដថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ជាជំហានមួយយ៉ាងសំខាន់ សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩ និងដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ាន ផងដែរ ៕