សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋខាតបង់ទឹកប្រាក់ ៣,៧ទ្រីលានដុង នៅក្នុងត្រីមាសទី ១ នេះ ដោយសារជំងឺ ​COVID-19

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ — ក្រុមហ៊ុន និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋចំនួន ១៩ នៅក្រោមគណៈកម្មការសម្រាប់ការ​គ្រប់គ្រងដើមទុនរដ្ឋនៅសហគ្រាស ( CMSC ) បានខាតបង់ទឹកប្រាក់ដែលមានតម្លៃជាង ៣,៧ទ្រីលានដុង (១៦០លានដុល្លារអាម៉េរិក) នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។

យោងតាមរបាយការណ៍របស់ CMSC កាលពីពេលថ្មីៗដែលបានផ្ញើជូននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឱ្យដឹងថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន និងសាជីវកម្មរដ្ឋចំនួន ១៩ បានធ្លាក់ចុះប្រមាណ ២៧,៣ទ្រីលានដុងនៅក្នុងត្រីមាសទី១នេះ បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍នេះបាននិយាយថា ប្រសិនបើជំងឺរាតត្បាតនៅតែបន្ត ហើយតម្លៃប្រេងមិនបានងើបឡើងវិញទេនោះ ប្រាក់ចំណូល​សរុបរបស់ពួកគេនៅឆ្នាំ ២០២០ នឹងមានចំនួន ២៧០ទ្រីដុងទាបជាងផែនការសម្រាប់រយៈពេលពេញមួយឆ្នាំ។ លើសពីនេះទៀត ក្នុង​ចំណោមនោះ ក្រុមហ៊ុន និងសាជីវកម្មចំនួន ៨ នឹងរងការខាតបង់ទឹកប្រាក់ដែលមានតម្លៃជាង ២៦,៣ទ្រីលានដុង ​ហើយប្រាក់ដែល​បានចូលរួមវិភាគទានដល់ថវិការដ្ឋនឹងមានចំនួន ៣២,៨ទ្រីលានដុងទាបជាងការគ្រោងទុក។

CMSC បានចង្អុលបង្ហាញថា​ សាជីវកម្មអាកាសចរណ៍វៀតណាមស្ថិតក្នុងចំណោមក្រុមហ៊ុន និងសាជីវកម្មដែលទទួលរងផល​ប៉ះពាល់ដោយសារជំងឺរាតត្បាតនេះខ្លាំងជាងគេបំផុត ដោយបានរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណូលចំនួន ៦,៧ទ្រីលានដុងនៅក្នុង​ត្រីមាសទី ១ និងការខាតបង់ចំនួន ២,៣ទ្រីលានដុង។

ប្រសិនបើការរីករាលដាលនៃជំងឺ COVID-19 នៅតែបន្តដល់ត្រីមាសចុងក្រោយនៃឆ្នាំនេះ ប្រាក់ចំណូលរបស់សាជីវកម្មទាំង​នោះត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណូលចំនួនត្រឹមតែ ៧២,៤ទ្រីលានដុង ហើយការខាតបង់របស់វានឹងមានចំនួនជិត ២០ទ្រីលាន​ដុង។

សាជីវកម្មនេះបានផ្អាករាល់ជើងហោះហើរអន្តរជាតិ ហើយកំពុងប្រតិបត្តិការតែជើងហោះហើរនៅក្នុងស្រុកតែប៉ុណ្ណោះ ខណៈ​ដែលកំពុងបង្កើនប្រតិបត្តិការជើងហោះហើរដឹកទំនិញដើម្បីសម្រួលដល់វិស័យពាណិជ្ជកម្ម និងបង្កើនប្រាក់ចំណូល។

សាជីវកម្មនេះបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលទាក់ទងនឹងកញ្ចប់ប្រាក់កម្ចីដែលមានទឹកប្រាក់ចំនួន ១២ទ្រីលានដុង ដើម្បីជួយ​ធានាឱ្យបាននូវដំណោះស្រាយរបស់ក្រុមហ៊ុន៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)