រាជរដ្ឋាភិបាលកម្ពុជា គ្រោងរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ក្រោមប្រធានបទ សន្តិភាពនិងការងារសមរម្យ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៨ ០៤ ២០២០៖

រាជរដ្ឋាភិបាលកម្ពុជា គ្រោងរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ក្រោមប្រធានបទ សន្តិភាពនិងការងារសមរម្យ ដើម្បីរំលឹកនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិដែលចាប់តាំងពីឆ្នាំ១៩៧៩ មក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា បានឲ្យដឹងថា ខួបអនុស្សាវរីយ៍នេះ ប្រារព្ធឡើងក្រោមប្រធានបទ សន្តិភាព និងការងារសម រម្យ។ ប៉ុន្តែ ដោយសារតែយើងទាំងអស់គ្នាកំពុងចូលរួមបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោជក ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំងកម្មករនិយោជិតទាំងអស់ត្រូវរៀបចំរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា តាមរូបភាពការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬទៅតាមកន្លែងដែលបងប្អូនស្នាក់នៅ ។ ចំពោះក្រសួងនិងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តចូលរួមការផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត និងពលករកម្ពុជាដែលវិលត្រឡប់មកស្រុកកំណើត ឱ្យចូលរួមអនុវត្តឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួង    សុខាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ ទាំងអស់គ្នា ។ ទន្ទឹមនឹងនេះ ត្រូវបន្តធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសនៃការរំលឹកខួបនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២០ នេះ។

ដោយឡែកក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២០។

ចំពោះក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ក៏ដូចជារដ្ឋបាលរាជធានីនិងខេត្តទាំងអស់ និងសហគ្រាស គ្រឹះស្ថាន ឯកជន ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងសហគ្រាស គ្រឹះ ស្ថាន ការដ្ឋាន និងកសិដ្ឋាន ដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា , អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា , សន្តិភាពនិងការងារសមរម្យ , សន្តិភាព ស្ថិរភាព ដើម្បីការងារនិងមុខរបរ , គោរពច្បាប់ស្តីពីការងារនិងច្បាប់ស្តីពីសហជីព ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក៕