សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានផ្តល់នូវសម្ភារៈសម្រាប់ចូលរួម បង្ការ ទប់ស្កាត់ ការពារមេរោគកូវីដ១៩

AKP សៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកនូវសម្ភារៈមួយចំនួន មានដូចជា អង្ករ១តោន, អាល់កុល១០កាន, ជែលលាងដៃ១០០ដប, ម៉ាស់២០ប្រអប់ និងទឹកសុទ្ធ៥០យូរ ដែលជាទឹកចិត្តដ៏សប្បុរស របស់បងប្អូនជាសមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប មកប្រគល់ ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ ជាមួយអាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានធ្វើការថ្លែងអំណរគុណនូវទឹក ចិត្តដ៏សប្បុរសរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ក៏ដូចជាបណ្តា ក្រុមហ៊ុននានា ក្នុងពេលកន្លងមកដែលបានបរិច្ចាគនូវសម្ភារៈបរិក្ខារមួយចំនួនចូលរួមជា មួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ នៅកម្ពុជា។

ឯកឧត្តមបានបន្តថា រាល់សម្ភារៈទាំងនេះ អាជ្ញាធរខេត្តនឹងយកទៅបែងចែកដល់មន្ត្រី រាជការ ក៏ដូចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន  ក្នុងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឱ្យកើតមាននៅតាមសហគមន៍ក្នុងខេត្តសៀមរាប៕

ដោយ ឃុត សៅ