ក្រសួងការងារជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា:ស្រីផល ០៧.០៤.២០២០៖

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្តីពីការលើកពេលថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។
យោងច្បាប់ស្ដីពីការងារចុះថ្ងៃទី ០៤ខែតុលាឆ្នាំ ២០១៩ ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២០ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ឲ្យបានជ្រាបថាការឈប់សម្រាកចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី ១៣,១៤,១៥និង១៦ ខែមេសាឆ្នាំ ២០២០ខាងមុខនេះ ត្រូវបានលើកពេល។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះចំនួន ៥ថ្ងៃ ជូនបងប្អូនកម្មករនិយោជិតវិញ នូវពេលវេលាសមស្របណាមួយ។ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មី អំពីការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិចេ្ឆទជាក់ច្បាស់ណាមួយ ពីរាជរដ្ឋាភិបាល។
អាស្រ័យហេតុនេះ សូមម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន និងបន្តធ្វើការដូចថ្ងៃធម្មតា នៅតាមសហគ្រាសគ្រឹះស្ថានរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។