ប្រជាសហគមន៍ខេត្តក្រចេះម្នាក់ទទួលចំណូល១០ដុល្លារនៅពេលចុះអប់រំផ្សព្វផ្សាយអំពីច្បាប់នេសាទដល់ប្រជាពលរដ្ឋផ្សេងៗទៀត

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០៖

ប្រជាសហគមន៍ខេត្តក្រចេះម្នាក់ទទួលចំណូល១០ដុល្លារនៅពេលចុះអប់រំផ្សព្វផ្សាយអំពីច្បាប់នេសាទដល់ប្រជាពលរដ្ឋផ្សេងៗទៀតដើម្បីលើកកម្ពស់ជីវភាពគ្រួសារបន្ថែមពីមុខរបរកសិកម្ម និងនេសាទត្រី។
លោក សោម ស៊ីថា អ្នកជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាប្រចាំខេត្តក្រចេះបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អង្គការរបស់រលោកបានសម្រេចជ្រើសរើសប្រជាសហគមន៍ អោយចូលរួមសហការធ្វើការជាមួយរដ្ឋបាលជលផលខេត្តក្រចេះក្នុងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងអំពីបទល្មើសនេសាទខុសច្បាប់។
លោកបានបន្តថា ការជ្រើសរើសពួកគាត់ឱ្យចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជួញដូរ និងការនេសាទខុសច្បាប់នេះ គឺមានប្រសិទ្ធិភាពខ្ពស់ដោយសារតែប្រជាសហគមន៍មានការយល់ដឹងច្រើនបទល្មើសនេសាទមានការថយចុះ ។
« ទី១ គឺយើងយកសហគមន៍ផ្ទាល់តែម្តង សមាជិកនៅក្នុងសហគមន៍យកមកចុះធ្វើការជាមួយក្រុមល្បាតរបស់រដ្ឋបាលជលផល ដែលគម្រោងរបស់យើងក្រោមការឧបត្ថមរបស់សហគមន៍អ៊ឺរ៉ុប គឺយើងបានជួយផ្តល់ជាថវិកាអោយគាត់ចុះល្បាត ដូចជា ថ្លៃសាំង ថ្លៃអាហារប្រចាំថ្ងៃ ថវិការប្រចាំថ្ងៃ យើងអោយគាត់មួយថ្ងៃ ១០$ អញ្ចឹងយើងសរុបទៅ នៅក្នុងសហគមន៍នីមួយៗ យើងបានច្រើននាក់ចូលរួមដែរ ក៏ជាផ្នែកមួយជួយគាត់ផងដែរ»។
សូមបញ្ជាក់ថា គម្រោងកម្មវិធីបែបវារីវប្បកម្មរបស់រដ្ឋបាលខេត្តក្រចេះគឺចុះធ្វើការជាមួយសហគមន៍នេសាទចំនួន៩ ដោយសារឆ្នាំនេះជាឆ្នាំដែលចាប់ផ្តើមដំបូងក្នុងការចុះអប់រំផ្សព្វផ្សាយអំពីច្បាប់នេសាទ ធ្វើបានតែប៉ុន្មានសហគមន៍នេសាទតែប៉ុណ្ណោះដោយក្នុង ១សហគមន៍មានចំនួន ១០ គ្រួសារដែលត្រូវបានបណ្តុះបណ្តាល៕