មន្ទីរកសិកម្មខេត្តសៀមរាប បានជំរុញឲ្យប្រជាកសិករខិតខំបង្កើនការដាំដុះនិងចិញ្ចឹមសត្វនៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់

វិទ្យុជាតិកម្ពុជា ៖ទៀក លឹមជូ (07-04-20)៖

មន្ទីរកសិកម្មខេត្តសៀមរាប បានជំរុញឲ្យប្រជាកសិករខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វនៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជាពិសេសជួយកែប្រែជីវភាព ឲ្យកាន់តែប្រសើរឡើង ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៏ថា កន្លងមកមន្ទីរតែតែងដឹកនាំក្រុមការងារ ចុះផ្តល់បច្ចេកទេស ផ្តល់ពូជ និងពិនិត្យការងារកសិកម្មរបស់ប្រជាកសិករ ដូចជា ការចាក់ថ្នាំការពារជំងឺគោ ក្របី ពិនិត្យការចិញ្ចឹមទាយកស៊ុត ការដាំបន្លែ ចិញ្ចឹមមាន់ កង្កែប ត្រី ការបង្កាត់ភ្ញាស់អន្ទង់ ការចិញ្ចឹមសត្វត្រចៀនកាំជាដើម ។
លោក បានបន្តថា មន្ទីរបានជំរុញឲ្យមន្ត្រីជំនាញចុះជួយលើបច្ចេកទេសដាំដុះ ការចិញ្ចឹមសត្វ និងខិតខំរកទីផ្សារ ដល់ប្រជាកសិករ ជាពិសេសជំរុញឲ្យពួកកាត់ បង្កើនការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងសាច់ពីបរទេស។
សំឡេង ៖ ខ្ញុំចុះទៅរហូតដែល តែយើងមានការជាមួយសហការ និងអង្គការដៃគូយកមកផុសឱ្យមានចលនាឲ្យប្រជាកសិករចូលរួមទាំងអស់គ្នា យើងមានគម្រោងទាំងប៉ុន្មានហ្នឹង យើងបានឱ្យការិយាល័យតាមស្រុកនិងគម្រោងដៃគូរអភិវឌ្ឍរបស់យើង ជាមួយនឹងមន្ទីរកសិកម្មតែប៉ុន្មាន យើងជំរុញដូចជាកម្មវិធីអាស្តាយ គម្រោងលាភ គម្រោងកាត់បន្ថយភាពក្រីក្ររបស់បឹងទន្លេសាប មានប៉ុន្មានគម្រោងដែលយើងសហការជាមួយមន្ទីរនិងអង្គការដៃគូអីហ្នឹង យើងបានចលនាឲ្យគាត់ចូលរួមទាំងអស់គ្នា ក៏ប៉ុន្តែត្រង់ថានៅខែនេះវាមានកន្លែងស្រុកមួយចំនួន គឺពិបាកជាមួយនឹងពិភពទឹក អញ្ចឹងកន្លែងណាដែលមានទឹក បានយើងជំរុញឲ្យគាត់ចុះដាំដុះបន្ថែម ហើយពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមសត្វមាន់ ជ្រូក គឺមិនមានបញ្ហាអ្វីនោះទេគឺនៅដដែល ។
លោក បានបន្ថែមទៀតថា មន្ទីរក៏បានចងក្រងប្រជាកសិករ ទៅជាសហគមន៍ផលិតបន្លែ និងចុះកិច្ចសន្យាទិញលក់ជាមួយឈ្នួញនានានៅក្នុងខេត្ត ដើម្បីងាយស្រួលស្វែងរកទីផ្សារ និងផលិតទៅតាមតំរូវការរបស់ឈ្មួញ ។
សូមបញ្ចាក់ថា បច្ចុប្បន្ននេះ កសិករទូទាំងខេត្ត មានភាពមមាញឹកខ្លាំងក្នុងការងារដាំដុះបន្លែររួមផ្សំ សំរាប់លក់លើទីផ្សារ ដូចជា ម្រះ ត្រឡាច ត្រសក់ ម្ទេសប្លោក ននោង សណ្តែក ស្ពៃក្រញ៉ាញ់ នឹងបន្លែជាច្រើនមុខទៀត ដែលធ្វើឲ្យគាត់បានទទួលប្រាក់ចំណូលច្រើនពីមុខរបបនេះ ធ្វើឲ្យគ្រួសាររបស់គាត់មានជីវភាពកាន់តែប្រសើរឡើងមួយកំរិតទៀត ៕