ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅជិតក្រុមហ៊ុនប្រេងបរទេស និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ​នៅតំបន់ Basra នៃប្រទេសអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — កាលពីចុងខែមីនា យោធាអាម៉េរិកបានដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot របស់ខ្លួន​នៅមូលដ្ឋានទ័ព Ayn al-Asad នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណងដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ដែលមាន​សក្តានុពលមួយផ្សេងទៀត។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីប្រភពរបស់ខ្លួនថា ការវាយប្រហារដោយគ្រាប់មីស៊ីលមួយចំនួន​បានធ្វើឡើងនៅក្បែរទីតាំងរបស់ក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ និងបរទេសនៅតំបន់ Basra នៃប្រទេសអ៊ីរ៉ាក់។ រហូតមកដល់​ពេលនេះ នៅមិនទាន់មានរបាយការណ៍អំពីការខូចខាត និងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ។

យោងតាមប៉ូលិសបានឲ្យដឹងថា គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់ដោយ Katyushas នៅវេលាប្រមាណជាម៉ោង ៣ព្រឹក (ម៉ោងក្នុងស្រុក) នឹងបានវាយប្រហារទីស្នាក់ការកណ្តាលរបស់ប្រជាជន និងប្រតិបត្ដិការ Burjesia នៅភាគខាងលិចនៃតំបន់ Basra ។

នៅពេលជាមួយគ្នានេះដែរ យោធារបស់អ៊ីរ៉ាក់បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតបានវាយប្រហារនៅក្បែរទីតាំងក្រុមហ៊ុន Halliburton ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ការវាយប្រហារទៅលើទីតាំងប្រេងនេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ ដែលបានធ្វើឲ្យតម្លៃប្រេងនៅតែបន្តធ្លាក់ចុះបន្ទាប់ពី​ប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌី បានពន្យារពេលនៃកិច្ចចរចាទៅលើការកាត់បន្ថយទិន្នផលប្រេង​ដូច្នេះបណ្តាលឲ្យមានការព្រួយបារម្ភ​ហួសកម្រិត។

ពីដំបូង ភាគីទាំងអស់ត្រូវបានគ្រោងនឹងជួបគ្នានៅថ្ងៃទី ៦ ខែមេសា ប៉ុន្តែកិច្ចចរចាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៩ ខែមេសា។

ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមីនានេះ បន្ទាប់ពីប្រទេសរុស្ស៊ី និង អារ៉ាប៊ីសាអ៊ូឌីមិនបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការកាត់បន្ថយទិន្នផល ចំពេលដែលកំពុងមានវិបត្តិជំងឺ COIVD-19 ផងដែរ។

ប្រទេសរុស្ស៊ីបានស្នើឲ្យចាកចេញពីការកាត់បន្ថយទិន្នផលនៅកម្រិតដែលបានព្រមព្រៀងគ្នាពីមុន ខណៈដែលប្រទេស​អារ៉ាប៊ីសាអ៊ូឌី និងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឲ្យមានការកាត់បន្ថយបន្ថែមទៀត។

ប្រទេសរុស្ស៊ីបានច្រានចោលសំណើនេះ ដោយជំរុញឲ្យទីក្រុងរីយ៉ាដ លុបចោលសំណើរនេះ សូម្បីតែកិច្ចព្រមព្រៀងដែលបាន​ព្រមព្រៀងពីមុន ដើម្បីប្រកាសអំពីការកើនឡើងចំនួន ២៥ភាគរយនៃផលិតកម្ម និងដើម្បីផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើនចំពោះអនាគត​ប្រេងឆៅសម្រាប់ខែមេសានេះ៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)