លោក ណេតាន់យ៉ាហ៊ូ និងលោក ពូទីន ព្រមព្រៀងគ្នារៀបចុះ ជើងហោះហើរសម្រាប់ប្រជាជនពួកគេ​អាចវិលត្រឡប់ទៅផ្ទះវិញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នារៀបចំឲ្យមានជើងហោះហើរ​មួយចំនួនរវាងអ៊ីស្រាអែល និងរុស្ស៊ី ដើម្បីអាចឲ្យប្រជាជននៃប្រទេសទាំងពីរវិលត្រឡប់ទៅស្រុកកំណើតវិញ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់-យ៉ាហ៊ូ នៅថ្ងៃនេះបាននិយាយ​តាមទូរស័ព្ទ​ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន»។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា «មេដឹកនាំទាំងពីរបាន​ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត។ ពួកគេក៏បានព្រមព្រៀងគ្នាដើម្បីធ្វើឲ្យមានចលនារវាងប្រទេស​រុស្ស៊ី និងអ៊ីស្រាអែល ដើម្បីឲ្យពលរដ្ឋនៃប្រទេសទាំងពីរអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន»។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីនេះបានឲ្យដឹងថា នេះគឺជា «ការសន្ទនាមួយដ៏កក់ក្តៅ» ហើយមេដឹកនាំរុស្ស៊ីបាន​ជូនពរដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងប្រជាជនអ៊ីស្រាអែល «ឲ្យជួបតែសេចក្តីសុខក្នុងឱកាសបុណ្យ Passover និងទទួលបានជោគជ័យក្នុងការតស៊ូប្រឆាំងនឹង​មេរោគឆ្លងនេះ»។

សេវាកម្មសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅព្រឹកថ្ងៃដដែលនោះថា មេដឹកនាំទាំងពីរបាន     សម្តែងនូវការប្តេជ្ញាចិត្តទៅវិញ ទៅមកក្នុងការសម្របសម្រួលឲ្យកាន់តែជិតស្និទ្ធថែមទៀតនៃកិច្ចប្រឹងប្រែងប្រឆាំងនឹងមេរោគឆ្លងនេះ។ ក្រៅពីនេះ លោក ពូទីន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបានព្រមព្រៀងបន្តទំនាក់ទំនងរវាងប្រទេស​របស់ពួកគេនៅកម្រិតផ្សេងៗគ្នា។ កិច្ចសន្ទនានេះត្រូវបានផ្តួចផ្តើមដោយភាគីអ៊ីស្រាអែល។

ពិធីបុណ្យ Passover ឬបុណ្យ Pesach គឺជាថ្ងៃឈប់សម្រាករបស់ជាតិសាសន៍យូដាដ៏សំខាន់មួយ និងជាថ្ងៃឈប់សម្រាក​របស់ជាតិសាសន៍យូដាដែលត្រូវបានគេប្រារព្ធយ៉ាងទូលំទូលាយបំផុត។ ពិធីបុណ្យនេះត្រូវបានប្រារព្ធចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ និងរំលឹកដល់ការរំដោះខ្លួនរបស់ជនជាតិអ៊ីស្រាអែលពីទាសភាពនៅប្រទេសអេហ្ស៊ីបបុរាណ។

គិតត្រឹមថ្ងៃទី ៦ ខែមេសា ចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ ៨.៦១១នាក់។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា អ្នកជំងឺ ១៤១នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយក្នុងនោះមាន ១០៧នាក់​ត្រូវបានប្រើប្រាស់ខ្យល់សួតសិប្បនិម្មិត។ យ៉ាងហោចណាស់អ្នកជំងឺ ៥៤៦នាក់បានជាសះស្បើយ។

ករណីឆ្លងមេរោគកូរ៉ូណាវីរុសដំបូងគេនៅអ៊ីស្រាអែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ នេះជាអ្នកជំងឺម្នាក់ដែលបាន​វិលត្រឡប់មកពីប្រទេសអ៊ីតាលី។ ការស្លាប់ទាក់ទងនឹងមេរោគកូរ៉ូណាវីរុសដំបូងគេត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ២០ ខែមីនា៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)