អ៊ីរ៉ង់ជំរុញឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មជាឯកតោភាគីពីទីក្រុងតេអេរ៉ង់ ចំពេលដែលកំពុងមានការរីករាលដាលមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃសៅរ៍ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប៊ែលហ្សិក លោក Gholamhossein Dehghani បានគូសបញ្ជាក់ថា ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ «បានធ្វើឲ្យអន្តរាយដល់សមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុសក្នុងរយៈពេលយូរ ដោយសារគ្មានការគាំទ្រពីអន្តរជាតិ»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានទទូចដល់ទីក្រុងវ៉ាស៊ីនតោនឲ្យ លុបចោលទណ្ឌកម្មខុស​ច្បាប់របស់ខ្លួនប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺ COVID-19 ។

លោកបាននិយាយបន្ថែមថា «អ៊ីរ៉ង់មិនដែលបានស្នើសុំ ហើយនឹងមិនស្នើសុំឲ្យអាម៉េរិកជួយទីក្រុង តេអេរ៉ង់ក្នុងការប្រយុទ្ធប្រឆាំង​នឹងការផ្ទុះឡើងនៃវីរុសនេះទេ» ដោយលោកបានចោទប្រកាន់សហរដ្ឋ អាមេរិកថា កំពុងព្យាយាមបង្ខំឲ្យទីក្រុងតេរ៉ង់ទទួលយកការចរចា​ជាមួយអាម៉េរិក។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប៊ែលហ្សិក លោក Gholamhossein Dehghani បានសរសេរលិខិតមួយទៅកាន់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell កាលពីសប្តាហ៍មុនថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកំពុងរារាំងយ៉ាងខ្លាំងដល់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់រួចទៅហើយនៅក្នុងប្រទេសនេះ។

នៅក្នុងលិខិតនោះបានសរសេរថា «ទណ្ឌកម្មជាឯកតោភាគី និងខុសច្បាប់របស់សហរដ្ឋអាមេរិកដែលបានដាក់ទៅលើអ៊ីរ៉ង់​ក្រោមយុទ្ធនាការដាក់សម្ពាធអតិបរមា កំពុងធ្វើឲ្យអន្តរាយដល់សមត្ថភាពរបស់ អ៊ីរ៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស ក្នុង​រយៈពេលយូរដោយសារគ្មានការគាំទ្រពីអន្តរជាតិ»។

លិខិតនោះត្រូវបានធ្វើឡើងដោយយោងតាមប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី កាលពីខែមុនដែលបានកោតសរសើរ​ដល់កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋអ៊ីស្លាម ក្នុងការប្រយុទ្ធប្រឆាំងនឹង វីរុសនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋ​អាមេរិកក៏ដោយ។

លោកបាននិយាយថា «គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែស្ថានភាពរបស់យើង គឺខុសគ្នាពីពួកគេ»។ លោកបានចង្អុលបង្ហាញថា «សមត្ថភាព និងវិធានការណ៍របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅ​ចំពោះមុខនៃសម្ពាធអតិបរិមារបស់សហរដ្ឋអាមេរិក និងផលប៉ះពាល់អមនុស្សធម៌នៃការដាក់ទណ្ឌកម្ម គឺគួរឲ្យកត់សម្គាល់រួចទៅហើយ បើទោះបីជាប្រៀបធៀបនឹងវិធានការរបស់ប្រទេសដទៃទៀតក៏ដោយ»៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)