ចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសហូឡង់ កើនឡើងលើសពី ១៨.០០០ករណី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបរិស្ថាន នៃប្រទេសហូឡង់បាននិយាយ​ថា ចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសហូឡង់មានចំនួនលើសពី ១៨.០០០នាក់ ដោយមានមនុស្សចំនួន ៩៥២នាក់បាន​ឆ្លងជំងឺនេះក្នុងរយៈពេលតែមួយថ្ងៃកន្លងទៅ។

យោងតាមទិន្នន័យនេះបានឲ្យដឹងថា មានមនុស្សចំនួន ១៨.៨០៣នាក់បានធ្វើតេស្តវិជ្ជមានចំពោះ   មេរោគកូរ៉ូណាវីរុសនេះ។ សរុប​អ្នកជំងឺ ១.៨៦៧នាក់ ដែលឆ្លងមេរោគកូរ៉ូណាវីរុសនេះបានស្លាប់ រួមទាំង ១០១នាក់ដែលបានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃកន្លងទៅ​នេះផងដែរ។ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់បានថយចុះ បើប្រៀបធៀបនឹងថ្ងៃមុន (ចំនួនអ្នកឆ្លង ១.២២៤នាក់ និងអ្នកស្លាប់ ១១៦នាក់)។

ករណីឆ្លងមេរោគកូរ៉ូណាវីរុសដំបូងគេនៅក្នុងប្រទេសហូឡង់ត្រូវបានបញ្ជាក់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ហើយការស្លាប់ទាក់ទងនឹង​វីរុសនេះដំបូងគេត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ៦ ខែមីនា។

រដ្ឋាភិបាលរបស់ប្រទេសនេះបានចាត់វិធានការមួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង វីរុសនេះ។ ដូច្នេះ ប្រជាជនត្រូវ​បានណែនាំមិនឲ្យទៅខាងក្រៅ ហើយផ្លាស់ប្តូរធ្វើការងារពីផ្ទះប្រសិនបើអាច។ គ្រឹះស្ថានអប់រំ វប្បធម៌ និងកម្សាន្តទាំងអស់ ក៏ដូចជាហាង​កាហ្វេ ភោជនីយដ្ឋាន ហាងកាត់សក់ អាងហែលទឹក និងហាងថែរក្សាសម្ផស្ស ត្រូវបានបិទរហូតដល់ថ្ងៃទី ២៨ ខែមេសា។ រាល់ព្រឹត្តិការណ៍

សាធារណៈទាំងអស់ត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី ១ ខែមិថុនា ខណៈដែលនៅខាងក្រៅ មនុស្សត្រូវបានហាមឃាត់​មិនឲ្យមានការប្រមូលផ្តុំជាក្រុមលើសពី ៣នាក់ លើកលែងតែក្រុមគ្រួសារ ហើយពួកគេត្រូវបានតម្រូវឲ្យរក្សាគម្លាតសង្គមចំនួន ១,៥ម៉ែត្រពី​គ្នា។ អ្នកដែលមិនគោរពតាមអនុសាសន៍ទាំងនេះ អាចប្រឈមនឹងការផាកពិន័យចំនួន ៤០០អឺរ៉ូ សម្រាប់បុគ្គលម្នាក់ និង ៤.០០០អឺរ៉ូ​ សម្រាប់បណ្តាក្រុមហ៊ុននានា៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)