សិង្ហបុរីប្រកាសអំពីកញ្ចប់ថវិកាជំនួយថ្មីសម្រាប់គាំទ្រសេដ្ឋកិច្ចដោយសារជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី​ ៦ ខែមេសា ប្រទេសសិង្ហបុរីបានប្រកាសនូវកញ្ចប់ថវិកាលើកទឹកចិត្តថ្មីមួយ ដែលមានតម្លៃ ៥,១ប៊ីលានដុល្លារសិង្ហបុរី (៣,៥៥ប៊ីលានដុល្លារអាម៉េរិក) រួមទាំងការគាំទ្រប្រាក់ឈ្នួល ការលើកលែងពន្ធ និងការទូទាត់មួយ​លើក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat បាននិយាយថា នេះជាចំនួនថវិកាដែលមិនធ្លាប់មានពីមុនមក។

ការអនុវត្តនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីប្រទេសនេះបានបង្ហាញនូវវិធានការណ៍គាំទ្រដែលមាន​តម្លៃជាង ៣០ប៊ីលានដុល្លារអាម៉េរិក ដើម្បីទប់ទល់នឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

កាលពីថ្ងៃទី ៥ ខែមេសា ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់អំពីករណីថ្មីនៃជំងឺ COVID-19 ដែលមានចំនួន ១៩២ករណី ដែលជាចំនួនខ្ពស់បំផុតដែលត្រូវបានរាយការណ៍ក្នុងមួយថ្ងៃនៅក្នុងប្រទេសនេះ។

រហូតមកដល់ពេលនេះ ប្រទេសសិង្ហបូរីបានកត់ត្រានូវករណីចំនួន ១.៣០៩ករណី ដែលត្រូវបានធ្វើតេស្តវិជ្ជមាន ចំពោះមេរោគ​កូរ៉ូណាវីរុស ឬវីរុស SARS-CoV-2 ដែលរួមមានអ្នកស្លាប់ចំនួន ៦នាក់។

រដ្ឋាភិបាលសិង្ហបុរីបានសម្រេចបិទកន្លែងធ្វើការភាគច្រើនចាប់ពីថ្ងៃទី ៧ ខែមេសា និងសាលារៀនចាប់ពីថ្ងៃទី ៨ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។

ការបិទនេះ លើកលែងតែវិស័យសេដ្ឋកិច្ចសំខាន់ៗ និងសេវាកម្មចាំបាច់  ដូចជាសហគ្រាសស្បៀងអាហារ ទីផ្សារ និងផ្សារទំនើប គ្លីនិក មន្ទីរពេទ្យ ឧបករណ៍ប្រើប្រាស់ សេវាដឹកជញ្ជូន និងសេវាកម្មធនាគារ សំខាន់ៗប៉ុណ្ណោះ ដូច្នេះកន្លែងធ្វើការងារផ្សេងៗទៀតទាំងអស់​នឹងត្រូវបិទ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)