ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជើងយន្តហោះដឹកប្រជាពលរដ្ឋខ្មែរ១៥០នាក់ ពីប្រទេសម៉ាឡេស៊ី

វិទ្យុជាតិកម្ពុជា៖ស៊ឹង សុផារី 07,04,2020៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជើងយន្តហោះដឹកប្រជាពលរដ្ឋខ្មែរ១៥០នាក់ពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដានជាសកលនៃជំងឺ Covid -19 ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា មានប្រជាពលរដ្ឋខ្មែរជាច្រើនរស់នៅក្រៅប្រទេស ដែលកំពុងតែមានការភ័យខ្លាចទៅនឹងបញ្ហាជំងឺកូវីដ១៩ បានសុំអនុញ្ញាតវិលត្រលប់មកមាតុប្រទេសវិញ ប៉ុន្តែដើម្បីសុវត្ថិភាពរួម សូមប្រជាពលរដ្ឋ ធ្វើការគោរពតាមការណែនាំរបស់ម្ចាស់ប្រទេសនីមួយៗ និងសូម យោគយល់ ចំពោះការសម្រេចមិនអនុញ្ញាតឱ្យធ្វើដំណើរចូលមកកម្ពុជាវិញ ។
សម្ដេច តេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នៅកម្ពុជា នាព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។សម្តេចតេជោ បញ្ជាក់ថា ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស យោគយល់ ចំពោះការសម្រេចក៏លំបាករបស់សម្តេចក្នុងកាលៈទេសៈនេះ។
ខ្ញុំសូមយកឱកាសនេះ ក៏និយាយទៅកាន់ប្រជាពលរដ្ឋនោះតែម្ដង នៅក្រៅប្រទេស គឺយកចិត្តទុកដាក់គោរពតាមបែបបទនៅក្នុងប្រទេសរបស់គេនោះ ហើយការសម្រេចចិត្តព្រឹកមិញនេះ គឺជាការសំរេចចិត្តដោយការឈឺចិត្ត ប៉ុន្តែខ្ញុំគ្មានជម្រើសក្រៅពីនេះទេ សូមបងប្អូននៅម៉ាឡេស៊ី ១៥០ នាក់ ដែលត្រៀមហោះហើយចូលមកក្នុងកម្ពុជានៅថ្ងៃនេះ មេត្តាយោគយល់ព្រោះព្រឹកនេះ មានជើងហោះហើរដោយដឹកមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋកម្ពុជាពីម៉ាឡេស៊ីមកកាន់កម្ពុជា ១៥០ នាក់ ហើយយន្តហោះដដែលនេះ ត្រូវដឹកជនជាតិម៉ាឡេស៊ីនិងជនជាតិមួយចំនួនផ្សេងទៀតត្រឡប់ទៅវិញ ខ្ញុំដេកមិនលក់សោះយប់មិញនេះ ក្រោយពីម៉ោង ១២យប់ហើយ ម៉ោងបួនកន្លះខ្ញុំភ្ញាក់ ចេះបងម៉ម ប៊ុនហេងគាត់ភ្ញាក់មុន ចឹងគាត់វ៉ាយមុនមកសួរទាក់ទិននឹងរឿងថា ធម្មតាគាត់រាយការណ៍មកខ្ញុំក្រោយដែលគាត់ត្រឹមតែម៉ោង៣គាត់ភ្ញាក់ ហើយអញ្ចឹងខ្ញុំតែងតែឆ្លើយតបឱ្យគាត់វិញ នៅក្នុងចន្លោះម៉ោង៥អីប៉ុណ្ណឹង ប៉ុន្តែលើកនេះមើលទៅក្នុងម៉ោងខ្ញុំឆ្លើយតបតាំងពីម៉ោង ៤ អីម្លេះ ៕