ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកំសាន្តនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត និងកន្លែងកំសាន្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺខូវីដ១៩ ។
ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នាវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់ គួរកាត់បន្ថយការធ្វើដំណើរទៅតាមតំបន់នានា ដូចជា ស្រុកកំណើត តំបន់រមណីយដ្ឋាន តំបន់ទេសចរណ៍ជាដើម ដើម្បីបញ្ជៀសការចម្លងជំងឺឆ្លងខូវីដ១៩ ខណៈដែលកម្ពុជា និងនៅលើពិភពលោកកំពុងប្រឈមនឹងជំងឺមួយនេះ ។
<< រាជរដ្ឋាភិបាលសំណូមពរកាត់បន្ថយការធ្វើដំណើរទៅភូមិកំណើត ឬតំបន់កម្សាន្តនានា ដើម្បីជៀសវាងការនាំមេរោគពីកន្លែងមួយទៅកន្លែងមួយ ឬនាំមេរោគចូលក្នុងផ្ទះឬនាំពីទីក្រុងទៅជនបទឬជនបទទៅទីក្រុងវិញ នេះហើយជាចំណុចដែលខ្ញុំចង់និយាយភ្ជាប់ជាមួយនិងការប្រយុទ្ធទប់ស្កាត់កុំអោយឆ្លងពីអ្នកកើតទៅអ្នកមិនទាន់កើត >> ។
សម្តេចតេជោ បានបន្ថែមថា ខណៈប្រទេសកម្ពុជាយើងកំពុង ប្រឈមនឹងបញ្ហាជំងឺឆ្លងខូវីដ១៩នេះ សូមមន្រ្តីរាជការរបស់រដ្ឋ និងបុគ្គលិកក្នុងវិស័យឯកជន កម្មករកម្មការិនីទាំងអស់ គួរបន្តធ្វើការងាររៀងៗខ្លួនសិន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពមួយរយ: ហើយនៅថ្ងៃដែលកម្ពុជាកាត់បន្ថយជំងឺឆ្លងនេះបាន រាជរដ្ឋាភិបាលនឹងផ្តល់ជូនថ្ងៃឈប់សម្រាកនៅពេលក្រោយវិញ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺខូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។