សមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារជូនគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៧.០៤.២០២០៖

សមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារជូនគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺរលាកសួតប្រភេទថ្មីនេះ។

លោក ជីវ សៀវផេង អគ្គលេខាធិកា នៃអគ្គលេខាដ្ឋាន នៃសមាគមសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៧ ខែ មេសានេះ ថា ថវិកាទាំងនេះបានមកពីការចូលរួមពីសមាជិកសមាជិកា នៃនៃសមាគមសាងសង់កម្ពុជា ដែលមានលោកឧកញ៉ា ពង្ស ខៀវ សែជាប្រធាន។
លោកបញ្ជាក់ថា ការបរិច្ចាគថវិកានេះ ក្នុងគោលបំណងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាញជម្ងឺCovid-19 ខណៈជម្ងឺនេះកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពមនុស្សនៅបណ្តាប្រទេសផ្សេងៗនៅលើពភពលោករួមទាំងកម្ពុជាផងដែរ។
«ជាសន្តានចិត្ត ពីការស័្មគ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នឹងជម្ងឺឆ្លង រាតត្បាញកូវីតនេះ។ ដើម្បីរាជរដ្ឋាភិបាលគាត់យកថវិកានេះ ប្រើការទៅដើម្បីទប់ស្កាត់ជម្ងឺឆ្លង រាតត្បាញកូវីតមកប្រជាពលរដ្ឋយើងដែរ។ មិនត្រឹមតែប៉ុណ្ណោះទប់ស្កាត់មកក្រុមគ្រួសារនិងខ្លួនយើងផ្ទាល់ ។ ក្នុងនាមខ្ញុំផ្ទាល់ សូមអំពាវនាវឲ្យប្រជាពលរដ្ឋយើងទាំងអស់ឲ្យចេះរួមសហការគ្នាមានចិត្តស្មោះស្ម័គ្រដើម្បីជួយប្រជាជាតិយើង។ខ្ញុំសង្កេតឃើញថាប្រជាជនយើងឥលូវចេះស្រលាញ់គ្នារីអង្គាគ្នាដើម្បីជួយដល់រាជរដ្ឋាភិបាលផងនិងសង្គមជាតិផង ជួយប្រជាពលរដ្ឋរបស់យើងផង »។
ជាមួយគ្នានោះ លោក ក៏បានជំរុញឲ្យប្រជាពលរដ្ឋឲ្យចេះធ្វើអនាម័យខ្លួនប្រាណជាពិសេសការរស់នៅស្អាត ហូបស្អាតនិងលាងដៃឲ្យបានស្អាត ដើម្បីជៀសវាងកុំឲ្យមានការឆ្លងពីជម្ងឺ Covid-19នេះ ហើយបើមានបងប្អូនណាមកពីបណ្តាលប្រទេសក្រៅ ត្រូវដាក់បងប្អូនដាក់ដោយឡែកចំនួន១៤ថ្ងៃ និងទៅពិនិត្យសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕