សម្ដេចក្រឡាហោម ស ខេង ចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៧ ០៤ ២០២០ ៖

សម្ដេចក្រឡាហោម ស ខេង បរិច្ចាគនូវប្រាក់បៀវត្សរ៍៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ ១៩ (Covid-19)។
យោងតាមទំព័រហេសប៊ុក ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេច បានសម្រេច បរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ ។
សូមបញ្ជាក់ថា បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បើគិតត្រឹមម៉ោង ៧ និង០០នាទី នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ៥៨នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះមកនៅ ចំនួន៥៧នាក់។