ប្រមុខរាជរដ្ឋាភិបាលអំពាវនាវកងទ័ពកម្ពុជានៅក្រៅប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីរីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ដោយ ឌីណេ៖

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវកងទ័ពកម្ពុជានៅក្រៅប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីការពារខ្លួនពី រីរុសកូវីដ១៩ ខណះដែលជំងឺនេះបានបន្តរីករាលដាលជាសកលនៅលើពិភពលោក។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជានាព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវទៅកាន់កងទ័ពកម្ពុជា ដែលកំពុងឋិតនៅបណ្តាប្រទេសមួយចំនួនដែលកំពុងមានការឆ្លងនៃវីរុសកូវីដ១៩ ដូចជាប្រទេស អាហ្វ្រិកកណ្ដាល ម៉ាលី លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ហើយក្នុងនោះប្រទេសលីបង់មានអត្រាឆ្លង មានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះកងទ័ពកម្ពុជានៅទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
អ្នកទទួលខុសត្រូវអំពីកងរក្សាសន្តិភាព ត្រូវតែតាមពិនិត្យ និងមានរបាយការណ៍ជាក់លាក់ជាប្រចាំ អំពីកម្រិតនៃការថែទាំរបស់អង្គការសហប្រជាជាតិនៅទីនោះ ដើម្បីការពារកងព័ទកម្ពុជានៅខាងក្រៅប្រទេស។ពិតហើយនេះជាភារកិច្ចទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែកុំភ្លេចថា យើងក៏ជាសមាជិកអង្គការសហប្រជាជាតិ យើងក៏មាន មន្ត្រីនៅក្នុងសេនាធិការនៃកងកម្លាំងរក្សាសន្តិភាព ហើយយើងក៏ជាប្រទេសម្ចាស់កងទ័ព ដែលបានបញ្ជូនទៅឲ្យរក្សាសន្តិភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដូច្នោះយើងក៏ត្រូវមានការទទួលខុសត្រូវលើបញ្ហានេះផងដែរ។ នៅពេលដែលមានការចាំបាច់ នៅពេលដែលកងទ័ពរបស់យើង មិនអាចនិយាយទៅកាន់អង្គការសហប្រជាជាតិបាន ក្នុងរនោះរាជរដ្ឋាភិបាល យើងនឹងធ្វើទំនាក់ទំនងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅលើបញ្ហានេះ ក៏បានដែរ៕»
សូមបញ្ជាក់ថា ស្ថានភាពបំពេញការងាររបស់កងទ័ពមួកខៀវកម្ពុជាមានជាង៧០០នាក់នោះ កំពុងបម្រើការងារនៅក្នុងប្រទេសចំនួន៨ ក្នុងនោះរួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅក្រៅប្រទេសជាង៦ពាន់នាក់ហើយ គិតចាប់តាំងពីឆ្នាំ២០០៦មក។ បេសកកម្មកងទ័ពមួកខៀវកម្ពុជា ភាគច្រើនគឺបម្រើការងារជាកងវិស្វកម្មបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការសាងផ្លូវ ,ជួយបោះបង្គោលព្រំដែន និងផ្នែកសុខាភិបាលជាដើម៕