កសិករចំនួន ២០គ្រួសារនៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែងទទួលចំណេះដឹងនិងបច្ចេកទេស ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាពដែលគាំទ្រដោយសហភាពអឺរ៉ុប

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី ៖

កសិករចំនួន២០គ្រួសារទទួលបានការបណ្តុះបណ្តាល បច្ចេកទេសស្តីពីការចិញ្ចឹមត្រីនិងដាំបន្លែសុវត្ថិភាពដែលគាំទ្រដោយសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ជីវភាពនិងកាត់បន្ថយការជួញដូរសត្វខុសច្បាប់។
លោក សោម ស៊ីថា មន្ត្រីជំនាញបច្ចេកទេសនៃ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាប្រចាំខេត្តក្រចេះបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈអង្គការ WCS អង្គការ CRDT បានជ្រើសរើសកសិករចំនួន៩គ្រួសារនៅក្នុងភូមិ វឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និង ១១គ្រួសារទៀតនៅភូមិ កោះព្រះ កោះក្រូច និងស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងស្តីពីការចិញ្ចឹមត្រីនិងដាំបន្លែសុវត្ថិភាព ។
លោកបន្តថា គម្រោងនេះផ្តោតសំខាន់ជួយប្រជាសហគមន៍បង្កើតនូវប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារ តាមរយៈការបង្កើតឱ្យមានមុខរបរអាជីវកម្មថ្មីបន្ថែម មួយវិញទៀតកសិករទាំង ២០គ្រួសារនេះ នឹងដើរតួជាកសិករគំរូរបស់គម្រោងនៅក្នុងសហគមន៍។
«គោលបំណងធំរបស់យើងគឺយើងផ្តល់មុខរបបដើម្បីជាផ្នែកមួយក្នុងការចូលរួមការងារអភិរក្សធនធានជលផលជាពិសេសកន្ធាយក្បាលកង្កែបដែលគេហៅថាល្មិច។ទីមួយដើម្បីឲ្យពួកគាត់មានមុខរបបរកស៊ីចិញ្ចឹមត្រីនិងមានចំណូលក្នុងគ្រួសារដើម្បីឲ្យពួកគាត់កាត់បន្ថយឬបញ្ឍប់ការនេសាទខុសច្បាប់នានាហើយយើងបន្ថយបន្ទុកការរកត្រីហួសបរិមាណដែលបានអនុញ្ញាត់ឲ្យរកដើម្បីបន្ថយសំពាធនៅក្នុងទន្លេរបស់យើង»។
លោកបានបន្ថែមថា ដោយឃើញពីផលប៉ះពាល់ដល់ការងារអភិរក្សធនធានធម្មជាតិ អង្គការ (CRDT) សហការជាមួយអង្គការ WCS បានសិក្សានិងរកដំណោះស្រាយដើម្បីជួយបង្កើតមុខរបរបថ្មីបន្ថែមដល់គ្រួសារពួកគាត់ដើម្បីធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្តូរពីការជួញដូរសត្វកន្ធាយក្បាលកង្កែប និងនេសាទខុសច្បាប់ ឲ្យងាក់មកចាប់យកការចិញ្ចឹមត្រីនិងដាំបន្លែជំនួសវិញ ហើយពួកគាត់ក៏បានប្តេជ្ញាការពារកន្ធាយក្បាលកង្កែប និងធនធានជលផលដទៃទៀតដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជឲ្យនៅគង់វង្ស។
គួរជម្រាប់ថា កសិករ២០គ្រួសារដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសស្តីពីការចិញ្ចឹមត្រីនិងដាំបន្លែសុវិត្តិភាព ទទួលបានក្នុងមួយគ្រួសារពូជកូនត្រីអណ្តែងចំនួនប្រហែល ៣០០ក្បាលនិងចំណីត្រីមួយចំនួន ថង់ប្លាស្ទិកសម្រាប់ធ្វើស្រះចិញ្ចឹមត្រី និងគ្រាប់ពូជបន្លែមួយចំនួនសម្រាប់ដាំនៅជុំវិញស្រះចិញ្ចឹមត្រី៕