គណៈកម្មាធិការជាតិក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា​៖

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើនឡើងខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែមេសានេះ បានចេញសេចក្តីណែនាំដោយបញ្ជាក់ថា ស្ថានភាពនៃគ្រោះថ្នាក់ចរាចរន៍ តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ជាដើម ដែលប្រការនេះ ទាមទារឲ្យអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យនេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា អ្នកប្រើប្រាស់ផ្លូវទាំងអស់
ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមរយៈមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ និងត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍និងប្រកាន់ស្តាំជានិច្ច ពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ខណៈក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ យានយន្តធ្វើចរាចរណ៍តែងតែមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍។
គួរកត់សម្គាល់ថា ក្នុងអំឡុងនៃបុណ្យប្រពៃណីជាតិធំៗ តែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនលើសថ្ងៃធម្មតា ដោយសារការបើកបរក្រោមឥទ្ធិពលស្រវឹង ការបើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ បើកបរខុសទិសចរាចរណ៍ ឬស្លាកសញ្ញា មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាព ជាដើម៕
អត្ថបទ៖ វ៉ាង ភក្តី ០៧ ០៤ ២០២០