ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកកម្មវីធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយតម្រូវឲ្យមកធ្វើការងារជាធម្មតាទំាងរដ្ឋនិងឯកជន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៧ ០៤ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកកម្មវីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២០ ហើយ តម្រូវអោយទៅធ្វើការងារជាធម្មតាទំាងរដ្ឋនិងឯកជន ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្រប់អង្គភាព ស្ថាប័ន រដ្ឋនិងឯកជនទាំងអស់ មិនឲ្យមានការឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ ហើយត្រូវធ្វើការងារជាធម្មតា ដើម្បីការពារកុំឲ្យមានការជួបជុំណាមួយ ដែលឈានទៅការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ឬទៅសហគមន៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៧ខែមេសា នៅវិមាសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃមុនសម្តេច បានឆ្លើយឲ្យមាន កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនិងមានការឈប់សម្រាកជាធម្មតា ដោយសារស្ថានភាពរបស់កម្ពុជាមិនទាន់មានការប្រឈមខ្លាំង ប៉ុន្តែពេលនេះសម្រេចលុបចោលកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ ដោយសារស្ថានការមិនល្អ ដើម្បីការពារកុំឲ្យមានការឆ្លងកាន់ខ្លាំងឡើង តែអាចទទួលទេវតានៅតាមផ្ទះរៀងៗខ្លួនបាន ។
សម្តេចតេជោបានអះអាងថា នៅក្នុងស្ថានការដែលជំងឺកូវីដ១៩ មានការល្អប្រសើរឡើងវិញ សម្តេចនិងឲ្យមានការឈប់សម្រាកសងចំនួន៥ថ្ងៃវិញ នៅថ្ងៃធ្វើការ ។
«គណៈកម្មការបានធ្វើការស្នើសុំយោបល់មកខ្ញុំ នៅថ្ងៃទី៣០ ខែមីនា គឺថ្ងៃដែលខ្ញុំប្រជុំសភានេះឯង ដែលខ្ញុំឆ្លើយនៅសភា មិនចង់ឆ្លើយទេទុកឲ្យឆ្ងល់ ហើយល្ងាចថ្ងៃនោះខ្ញុំបានចាគឺយកជំរើសទី២ ជំរើសទី១គឺផ្អាកចូលឆ្នាំខ្មែរ ជំរើសទី២គឺឲ្យសម្រាកចូលឆ្នាំប៉ុន្តែត្រូវមានវិធានការខ្ញុំសម្រេចយកជំរើសទី២ ប៉ុនឥលូវខ្ញុំសម្រេចយកជំរើសទី១វិញ គឺជំរើសផ្អាកចូលឆ្នាំខ្មែរ ហើយតំរូវឲ្យស្ថាប័នរដ្ឋនិងឯកជនធ្វើការធម្មតា ហើយរដ្ឋនិងសងវិញនៅពេលសមស្រប ចំនួន៥ថ្ងៃ នៃថ្ងៃធ្វើការ។ អញ្ចឹងកន្លែងដែលមានសុវត្ថិភាព បំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជំរើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឲ្យដើរលេង សភាពការនេះក្រោយចូលឆ្នាំខ្មែរនិងមានហានិភ័យខ្ពស់បំផុត។អញ្ចឹងទេសូមបងប្អូនមន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ កម្មការិនីមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ » ៕