សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នកំពុងឆ្លងសិក្សាបន្ថែមពីគណៈកម្មការជំនាញ រដ្ឋសភា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៤ ២០២០៖

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នឲ្យទៅគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យលើខ្លឹមសារ និងពាក្យពេចន៍បន្ថែម មុននឹងឈានទៅដាក់ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការអនុញ្ញាតឲ្យគណៈកម្មការជំនាញរបស់រដ្ឋសភាធ្វើការសិក្សា ស្រាវជ្រាវបន្ថែមលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីការឆ្លងយោបល់ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ នេះថា រាជរដ្ឋាភិបាលកម្ពុជាបានស្នើនូវសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នមកកាន់រដ្ឋសភា ដោយសុំការអនុម័តជាការប្រញាប់។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាក់តែងឡើងដោយមាន៥ជំពូក និង១១មាត្រា ក្នុងគោលបំណងដឹកនាំជាតិនៅពេលដែលប្រទេសត្រូវបានប្រកាសឲ្យដាក់ក្នុងភាពអាសន្ន។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលត្រូវបានចាកចាយតាមបណ្តាញសារព័ត៌មាន បានកំណត់បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕